ព័ត៌មានទាន់ហេតុការណ៍៖

Update : រាជរដ្ឋាភិបាលបន្តរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ទោះបីទទួលរងនូវសង្គ្រាមឈ្លានពាន

ចែករំលែក៖

 ភ្នំពេញ : យោងតាមសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូស បញ្ជាក់ថាក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សានិងលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេនក្នុងការការពារ អភិរក្សនិងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាពនិងបរិយាបន្ន។

 

ទិវាវប្បធម៌ជាតិគឺជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជាដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតីនិងអាយុជីវិតក្នុងការបង្កើត ថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

 

រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀង រាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជាដោយអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ។ ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីបំផុសនូវមនសិការស្នេហាជាតិ ចូលរួមការពារ ថែរក្សានិងលើកស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ប្រពៃណីនិងកេរដំណែលដូនតាជាច្រើនទៀតដែលជាអត្តសញ្ញាណជាតិរបស់ប្រជាជនខ្មែរគ្រប់រូបនិងជាប្រភពមិនចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

 

ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិត្រូវបានយកចិត្តទុកដាក់ខ្ពស់និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិនិងការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស៕

 

ដោយ : សិលា


ចែករំលែក៖