ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង៖ កោតសរសើរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងកត់សម្គាល់ថា កម្ពុជា ជាប្រទេសតូចមួយដែលបានលុបចោលទោសប្រហារជីវិត ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស

ចែករំលែក៖

ប្រទេសបារាំង៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ លោក Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង។

រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការអភិវឌ្ឍទំនាក់ទំនង និងបញ្ហាមួយចំនួន ដើម្បីជា ប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ ទំនងរវាងកម្ពុជា និងបារាំង ឱ្យដល់កម្រិតខ្ពស់បំផុត។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើង ពីសារៈសំខាន់ពីការចូលរួមរបស់វិស័យសាធារណៈ និងឯកជន ក្នុងការបង្កើតគម្រោងធំៗក្នុងវិស័យអាទិភាព មួយចំនួន ដូចជា វិស័យការពារជាតិ ថាមពល កសិកម្ម សុខាភិបាល បច្ចេកវិទ្យាថ្មីៗ និងការអភិរក្ស បេតិកភណ្ឌ។

សម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ រដ្ឋមន្ត្រីទាំងពីរបានសម្តែងការស្វាគមន៍ការរៀបចំពិធីសម្ពោធ បិទការដ្ឋានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ស្ថិតនៅក្នុងបរិវេណតំបន់រមណីដ្ឋានអង្គរ ខេត្តសៀមរាប ដែលបានបង្ហាញពីភាពស៊ីជម្រៅនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។

រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្តា ប្រទេសប្រើប្រាស់ភាសាបារាំង លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្នុងបរិបទនេះ មានការជូនព័ត៌មានអំពីការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ រដ្ឋមន្ត្រី ប្រតិភូបារាំង នៅកម្ពុជានាពេលខាងមុខ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានអំពីការត្រៀមរៀបចំព្រឹត្តិការ ដ៏សំខាន់នេះ ខណៈដែលប្រទេសបារាំងកំពុងកាន់តំណែងជាប្រធាននៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

លោក Jean-Noël BARROT ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងបានសម្តែងនូវបំណងអញ្ជើញថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់កម្ពុជា ចូលរួមសមាជពិភពលោកលើកទី ៩ ស្តីពីការប្រឆាំងនឹងទោសប្រហារជីវិត ដែលនឹងផែនដីប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ នៅទីក្រុងប៉ារីស។ លោក បានកត់សម្គាល់ថា កម្ពុជាស្ថិតក្នុងចំណោម ប្រទេសមួយចំនួនតូចដែលបានលុបចោលទោសប្រហារជីវិត ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសបារាំង សម្រាប់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយ ជម្លោះដោយសន្តិវិធី និងសម្រាប់ការផ្តល់សិទ្ធិឱ្យចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការ ធានាការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្លួនទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ដោយសុខសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ។

ជាកិច្ចឆ្លើយតប លោក Jean-Noël BARROT បានបញ្ជាក់ការត្រៀមលក្ខណៈរួចជាស្រេចរបស់ ប្រទេសបារាំង គាំទ្ររាល់គំនិតផ្តួចផ្តើមក្នុងគោលបំណងជំរុញដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ៕

ដោយ៖តារា


ចែករំលែក៖