ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ និងប្រជាពលរដ្ឋ ធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ ដោយសាគ្រាប់ផ្លោងរបស់កងទ័ពថៃ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ 

ចែករំលែក៖

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីរាជការ, មន្ត្រីឧទ្យានុរក្ស ចូលរួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា ផ្តួចផ្តើមរៀបចំពិធីរំលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី (មេ និងកូន)ចំនួន ២ ក្បាល ដែលបានស្លាប់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ ដោយមាននិមន្តព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្រុមអង្គការ សង្គមស៊ីវិលសរុបប្រមាណ២០០អង្គ/នាក់។

ពិធីបុណ្យរំលឹកនិងបុណ្យបំបួសដើមឈើជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រស់នៅក្នុងព្រៃតំបន់ការពារធម្មជាតិ តាំងពីយូរលង់ណាស់មកហើយ។ ដោយឡែកក្នុងឆ្នាំ២០២៦ គឺជាខួបលើកទី៩ នៃការរៀបចំពិធីបុណ្យ ក្នុងគោលបំណងរំលឹកដល់គុណព្រៃឈើ និងជីវចម្រុះ លើកកម្ពស់ការយល់ដឹង ការចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិដែលជាសម្បត្តិដ៏មានតំម្លៃរបស់ជាតិ និងប្រជាជនកម្ពុជា ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ការរៀបចំពិធីបុណ្យខួបឆ្នាំ២០២៦នេះ ត្រូវបានរួមបញ្ចូលជាមួយការប្រារព្ធពិធីបុណ្យរំលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី(មេនិងកូន) ចំនួន២ក្បាល ដែលបានស្លាប់ (រលូតស្លាប់) បន្ទាប់ពីរងរបួសធ្ងន់ធ្ងរនៃការបាញ់ផ្លោងរបស់កងទ័ពថៃចូលមកក្នុងទឹកដីប្រទេសកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចំណុចអូរស្កាច ខេត្តព្រះវិហារ។

យោងតាមការសិក្សាស្រាវជ្រាវ ដំរីព្រៃក្នុងដែនជម្រក សត្វព្រៃព្រះរការ-ឆែប ខេត្តព្រះវិហារ មានចំនួនចន្លោះពី១៥-២០ក្បាល។ពួកវាធ្វើដំណើររកស៊ីជាក្រុម ឆ្លងកាត់ពីប្រទេសកម្ពុជាទៅឡាវ និងថៃ (ទៅមក)។ មន្រ្តីជំនាញក្រសួងបរិស្ថាន មានគម្រោងរក្សាទុកគ្រោងឆ្អឹងដំរី ធ្វើជាសំណាក និងរៀបចំទុកដាក់រឿងរាវសម្រាប់ការសិក្សាស្រាវជ្រាវបន្ត៕


ចែករំលែក៖