ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន៖ យើងត្រូវប្រែក្លាយថ្ងៃរីករាយ នៃទិវានារីអន្តរជាតិ៨ មីនា ឱ្យក្លាយទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក និងអ្នករបួស នៅមន្ទីរពេទ្យតាមបណ្តាខេត្តជួរមុខ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ យើងជាថ្នាក់ដឹកនាំស្រ្ដីត្រូវប្រែក្លាយថ្ងៃរីករាយ ដើលេងកម្សាន្ដ នៃទិវានារីអន្តរជាតិ៨ មីនា ឱ្យក្លាយទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក និងអ្នករបួស នៅមន្ទីរពេទ្យតាមបណ្តាខេត្តជួរមុខ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះ ក្នុងពិធីអបអរ សាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច

នៅថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ដ្រី និងគ្រួសារ នៅ ក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។ ជាមួយគ្នានេះ ក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះលោកស្រី ចម ក្រស្នា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាន ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។ សម្តេច ម៉ែន សំអន ក៏បានស្នើឱ្យសមាជិកសមាជិកា នៃអង្គ ពិធីទាំងមូលត្រូវប្រែក្លាយថ្ងៃរីករាយដើរលេងកម្សាន្ត នៃទិវានារីអន្តរជាតិ ៨ មីនា ឱ្យក្លាយទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូន ដែលជាជនភៀសសឹក និងអ្នករបួសនៅតាមមន្ទីរពេទ្យ នៅតាមបណ្តាខេត្តជួរមុខ។

ក្នុងឱកាសនោះលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានប្រសាសន៍ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងបានយកចិត្តទុក្ខដាក់លើកកម្ពស់ និងគាំទ្រនូវរាល់សកម្មភាពរបស់ស្ត្រី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា ជារៀងរាល់ឆ្នាំ កម្ពុជារួមទាំងប្រទេសនានាទូទាំងសកលលោក បានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនានេះ ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ក៏ដូចបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៕

ដោយ៖សំរិត


ចែករំលែក៖