ខេត្តកំពង់ធំ៖ យោងតាមបណ្តាញសង្គមការងារផ្លូវការរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំមានវិធានការចំពោះជនឆក់ឱកាសមួយក្ដាប់តូចបានដំឡើងថ្លៃប្រេងឥន្ធនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
អភិបាលខេត្តខាងលើ បានសរសេរថា «ដោយសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ និងសណ្តាប់ធ្នាប់ល្អនៅក្នុងភូមិសាស្រ្តខេត្ត ខ្ញុំបានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្ម បន្តតាមដាននូវភាពមិនប្រក្រតីនេះ ដែលក្នុងនោះ មានវិធានការចំនួន ២ ដែលត្រូវយកចិត្តទុកដាក់៖
– ទី១. ម្ចាស់ស្ថានីយទាំងអស់ត្រូវបន្តបើកដំណើរការអាជីវកម្មចាក់ប្រេងជាធម្មតាជូនបងប្អូនប្រជាពលរដ្ឋដែលមានយានជំនិះផ្សេងៗ និងចូលរួមទប់ស្កាត់ជនឆ្លៀតឱកាសទាំងឡាយណា ដែលមកជាវប្រេងក្នុងទ្រង់ទ្រាយធំ ក្នុងគោលបំណងយកទៅស្តុកទុកដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ នៃការផ្គត់ផ្គង់ប្រេងជាប្រក្រតីនៅក្នុងខេត្ត។
– ទី២. យកចិត្តទុកដាក់លើតម្លៃប្រេងដែលកំណត់ដោយស្ថានីយមួយចំនួន ក្នុងករណីរកឃើញថាស្ថានីយប្រេងឥន្ធនៈណាមួយបានកំណត់តម្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយប្រេងឥន្ធនៈនោះនឹងត្រូវទទួលការព្រមាន និងអាចឈានទៅរកការបិទស្ថានីយប្រេងឥន្ធនៈនោះ ជាអចិន្ត្រៃយ៍ផងដែរ»។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងលុបបំបាត់ចោលនូវទម្លាប់ឆក់ឱកាសកេងចំណេញ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកនិងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចៀសវាងការតក់ស្លុត ឬការបារម្ភ ដែលអាចអនុញ្ញាតឱ្យជនឆ្លៀតឱកាសបង្កើតភាពវឹកវរធ្វើឱ្យបាត់សណ្តាប់ធ្នាប់ក្នុងសង្គមបាន៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច