ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចាស់អាយុ៦៤ឆ្នាំ អន់ចិត្តជាមួយប្រពន្ធក្មេងទាញដាវកាប់ឪក្មេកអាយុ៥៨ឆ្នាំ រងរបួសដេរ១៦ថ្នេរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកក្មេកបានរងរបួសដៃខាង ឆ្វេងដេរចំនួន១៦ថ្នេរខណៈដែលកូនប្រសារវ័យចំណាស់ ទាស់ពាក្យសម្ដីនឹងប្រពន្ធក្មេងតិចតួច មិនដឹងមូលហេតុកើតទៅជាហិង្សាទាញដាវកាប់បង្កឲ្យមានការភ្ញាក់ ។

ករណីហិង្សាកូនប្រសារវ័យចំណាស់ទាញដាវកាប់ឪពុក ក្មេករងរបួស និងឈានដល់ការឃាត់ខ្លួនបានកើតឡើងកាលពីវេលាម៉ោង០២និង៥៤នាទីរសៀលថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសីបានឱ្យដឹងថា ជនដៃដល់ជាកូន ប្រសារត្រូវនគរបាលឃាត់ខ្លួនមានឈ្មោះ ប្រាក់ សុផាត អាយុ៦៤ឆ្នាំ ស្នាក់នៅនៅភូមិ-ឃុំ កើតហេតុខាងលើជា មួយប្រពន្ធ ។ ចំណែកឪក្មេកមានឈ្មោះ ឡុង ប៊ុនលី អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

នគរបាលស្រុកគងពិសីបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យដៃដល់ជាកូនប្រសារបានជិះរ៉ឺម៉កពីទិសខាងត្បូងមកទិសខាងជើង។ លុះមកដល់មុខផ្ទះរបស់ ឈ្មោះ ឡុង ប៊ុនលី ភេទប្រុស អាយុ៥៨ឆ្នាំ ដែលជាឪពុកក្មេក ក៏បានស្រែកហៅប្រពន្ធឈ្មោះ លីម ស្រីកា អាយុ២៧ឆ្នាំ ដែលកំពុងនៅក្នុងផ្ទះនោះ ឱ្យយកទូរស័ព្ទមកឱ្យ ពេលប្រពន្ធហុចទូរស័ព្ទឱ្យ ស្រាប់តែបុរសជាប្តីវ័យចំណាស់នោះបោកទូរសព្ទ័ចោល រួចក៏បានដើរចូលក្នុងផ្ទះដោយមានកាន់ដាវថែមទៀតផង។

បន្ទាប់មក ក៏បានឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ ឡុង ប៊ុនលី (ជាឪពុកក្មេក ) ពេលនោះឈ្មោះឡុង ប៊ុនលី បានទាញចបជីក វាយលើជនសង្ស័យ បណ្តាលឱ្យរងរបួសហើមដៃ ពេលនោះជនសង្ស័យជាកូនប្រសារវ័យចំណាស់បានទាញដាវដេញកាប់ជនរងគ្រោះ ដែលត្រូវ ជាឪពុកក្មេក ចំដៃខាងឆ្វេង បណ្តាលឱ្យដាច់សរសៃដេរចំនួន១៦ថ្នេរ រងរបួសធ្ងន់ ។

សាច់ញាតិក្រុមគ្រួសារបានបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ រីឯជនដៃដល់បានឡើងជិះរ៉ឺម៉ករត់គេចខ្លួនទៅស្រុកកំណើតនៅក្នុងភូមិព្រៃពាយឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកគងពិសីបញ្ជាក់ថា ក្រោយទទួលព័ត៌មានរួចមក កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវិហារប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិស ស្រុកបសេដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ។

បច្ចុប្បន្ន ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគង់ពិសី ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

 


ចែករំលែក៖