អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារលើក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ ឈូងសមុទ្រពែក្ស នៅក្នុងដំណោះស្រាយមួយដែលមិនបានលើកឡើងការវាយប្រហាររបស់សហរដ្ឋអាមេរិក ឬអ៉ីស្រាអែលលើអ៉ីរ៉ង់នោះទេ ជាហេតុធ្វើឱ្យឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ ថ្កោលទោសយ៉ាងខ្លាំង។
ដំណោះស្រាយខាងលើដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន១៣ និងអនុបវាទចំនួន២ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ បានទាមទារឱ្យអ៉ីរ៉ង់ បញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារប្រឆាំងនឹងប្រទេសបារ៉ែន កូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី។ ដំណោះស្រាយនេះក៏បានថ្កោលទោស ផងដែរសកម្មភាពណាមួយ ឬការគំរាមកំហែងរបស់អ៉ីរ៉ង់ក្នុងគោលបំណងបិទខ្ទប់ បង្កឧបសគ្គ ឬជ្រៀតជ្រែកការធ្វើចរាចរតាមផ្លូវទឹកឆ្លងកាត់តាមច្រកសមុទ្រ Hormuz។
អ៉ីរ៉ង់បានអះអាងម្ដងហើយម្ដងទៀតថាការវាយប្រហាររបស់ខ្លួនលើក្រុមប្រទេសឈូងសមុទ្រពែក្ស គឺជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ខណៈប្រទេសទាំង២នៅតែបន្តទម្លាក់គ្រាប់បែកលើទឹកដីអ៉ីរ៉ង់។ អ៉ីរ៉ង់ក៏បាន បើកការវាយប្រហារលើកប៉ាល់ពាណិជកម្មដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ផងដែរ។
សហរដ្ឋអាមេរិកបាននិយាយថាការអនុម័តដំណោះស្រាយខាងលើបានឆ្លុះបញ្ចាំងពីការថ្កោលទោសយ៉ាងទូលំទូលាយលើការវាយប្រហាររបស់អ៉ីរ៉ង់។ ប៉ុន្តែចិន និងរុស្ស៉ីដែល បានបោះឆ្នោតអនុបវាទ បានចាត់ទុកថាដំណោះស្រាយនេះមិនបានទទួលស្គាល់អរិភាពរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលចំពោះអ៉ីរ៉ង់នោះទេ។
ចំណែក ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានបរិហារថាការអនុម័តដំណោះស្រាយនេះបង្ហាញថាក្រុមប្រឹក្សាសន្តិសុខត្រូវបានប្រើប្រាស់ដើម្បីបម្រើរបៀបវារៈរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច