ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា៖ ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តអូសបន្លាយ តម្លៃប្រេងនឹងកើនឡើង ហើយ​រាល​ដាលដល់គ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យ​ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា​ បាន​លើក​ឡើង​ថា បើ​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា​បន្ត​អូស​បន្លាយ​ មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អាកាសចរណ៍​ឡើយ តែ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​តម្លៃ​ប្រេងឥន្ទនៈ ហើយ​រាលដាល​ដល់​គ្រប់​វិស័យ​។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ បញ្ហា​សង្គ្រាម បានជះឥទ្ធិពល​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន ដូច្នេះ​ប្រសិន​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​បន្ត​អូស​បន្លាយ នោះ​អ្វី​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​មិនមែន​ត្រឹម​តែ​វិស័យ​អាកាសចរណ៍​ឡើយ គឺ​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​ប្រេង​ឥន្ទនៈ​ នៅពេល​ប្រេង​កើន​ឡើង​ហើយ​នឹងធ្វើ​ឱ្យ​​ប៉ះពាល់ដល់​គ្រប់​វិស័យ​ទំាង​អស់​។

បន្ថែមពីនេះ​ លោក ស៊ីន ចាន់​សិរីវុត្ថា​ បាន​បញ្ជាក់​ទៀត​ថា៖ «ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ គឺ​មិន​មែន​មក​តែ​ពី​តំបន់​មជ្ឈិម​បូព៌ា​ទាំង​ស្រុង​នោះ​ទេ​ មជ្ឈិម​បូព៌ា​ជា​ផ្នែក​មួយ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ គឺ​ដោយ​សារ​ភ្ញៀវ​ទាំង​អស់​នោះ​ជា Hub នៃការ​តភ្ជាប់។​ ប៉ុន្តែ​ Hub នៃ​ការ​តភ្ជាប់​គឺ​អាច​ផ្លាស់​ប្តូរ​ទិស​នៃ​ការ​ហោះហើរ​ទៅ​ប្រទេស​ផ្សេង​ទៀត​ ​គ្រាន់​តែ​រំខាន​ដល់​ការ​ធ្វើ​ដំណើរយូជាង ឆ្ងាយ​ជាង​ ដោយ​អ្វី​ៗ​នឹង​ជំនួស​មក​វិញ​ដោយ​ទីតាំង​កន្លែង​ផ្សេង»​។

គួរជម្រាបថា​ អាកាស​យានដ្ឋាន​នៅ​ឈូង​សមុទ្រ​ធំ​ៗ​ទាំង ៧ ទាំង​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា រួមមាន៖ នៅ​ ឌូបៃ (DXB), ដូហា (DOH), អាប៊ូ ដាប៊ី (AUH), Sharjah (SHJ), គុយវ៉ែត (KWI), បារ៉ែន (BAH) និង​ Dubai World Central (DWC)។

យោងតាមអាកាសចរស៊ីវិល ផលប៉ះពាល់ជាអវិជ្ជមានបឋម សម្រាប់កម្ពុជា អាចមានអ្នកដំណើរប្រមាណ ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និង ៥១,៨៤០ នាក់ ក្នុងមួយខែ៕ដោយ​៖តារា​


ចែករំលែក៖