ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះដោយសារអំពើរហិង្សាមួយ ដែលបង្កឡើងដោយក្រុមក្មេងស្ទាវមួយក្រុម បានសំដែងនូវការមិនសប្បាយចិត្ត និង បានធ្វើពាក្យបណ្តឹងមួយ ប្តឹងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំងម្នាក់ ឈ្មោះ លីវ ទ្រី ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោយពីដោះលែងជនដៃដល់ ។
ក្រុមគ្រួសារ និងជនរងគ្រោះបាននិយាយថា ការដាក់ពាក្យប្តឹងនេះ គឺគ្រាន់តែធ្វើទៅតាមនីតិវិធីច្បាប់ប៉ុណ្ណោះ ពួកគាត់មិនសង្ឃឹមថា ទទួលបានយុត្តិធម៌ឡើយ ពីព្រោះការដោះលែងជនដៃដល់ និងគូកនទាំងនោះ ពួកគាត់មានការសង្ស័យថា អាចមានការពាក់ព័ន្ធ ជាមួយមន្រ្តីច្បាប់ និង មន្រ្តីប៉ូលិសផ្សេងទៀត ។ ហើយពួកគាត់គ្រោងនឹងធ្វើពាក្យបណ្តឹងមួយទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ ពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ផងដែរ ។
សូមបញ្ជាក់ថា ជនរងគ្រោះ២នាក់ ត្រូវក្រុមក្មេងស្ទាវមួយហ្វូងព្រួតគ្នាវាយ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល ក្នុងនោះម្នាក់ឈ្មោះ សួន ម៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងរងរបួសធ្ងន់ និង ម្នាក់ទៀត ឈ្មោះម៉ា គង់សំអឿន ភេទប្រុស អាយុយ៣៥ឆ្នាំ រស់ភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ រងរបួសស្រាល ។
ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេជាអ្នកចំងាយបាននាំក្រុមគ្រួសារទៅធ្វើបុណ្យ និង ទៅលេងនៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ដែលនៅទីនោះមានដាក់ធុងបាស់រាំលេងកំសាន្តផងដែរ ។
ជនរងគ្រោះបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ពួកគេបានចូលទៅរាំបទរាំវង់បានមួយបទ បន្ទាប់មកទៀត គេចាក់បទញាក់ ក៏បាននាំគ្នារាំបន្តទៀត ។ ក្នុងពេលនោះ ស្រាប់តែក្រុមក្មេងទំនើងមួយក្រុម ដែលគេស្គាល់ថា ជាជើងខ្លាំងនៅក្នុងភូមិស្រុកនេះ បានព្រួតគ្នាវាយទៅលើឈ្មោះ សួន ម៉ា បណ្តាលឲ្យរងរបួសធ្ងន់ រហូតដល់សន្លប់បាត់ស្មារតី ។ ឃើញដូចនេះ ឈ្មោះម៉ា គង់សំអឿន បានស្ទុះចូលទៅជួយ ក៏ត្រូវបក្ខពួកក្រុមបង្កគប់ត្រូវ៣ដុំថ្មរងរបួសស្រាល ។
បន្ទាប់មកក្រុម ក្មេងទំនើងទាំងនោះ បាននាំគ្នារត់ឡើងទៅលើកុដិលោក ដែលស្ថិតនៅក្បែរនោះ ហើយក្រុមប្រជាការពារភូមិ និង ក្រុមគ្រួសារជនរងគ្រោះបានព័ទ្ធកុដិនោះមិនឲ្យក្រុមជនបង្ករត់ទៅណាឡើយ និងបានទូរស័ព្ទប្តឹងទៅសមត្ថកិច្ចឲ្យជួយន្តរាគមន៍ ។ ពេលសមត្ថកិច្ចមកដល់ ក៏មិនហ៊ានចូលទៅឃាត់ជនបង្កទៀត ព្រោះដឹងថា ក្រុមក្មេងទំនើងទាំងនេះ សាហាវខ្លាំងណាស់ ប៉ុន្តែដោយសារក្រុមគ្រួសារជនរងគ្រោះនៅទីនោះដែរ បាននាំគ្នាសម្រុកចូលទៅចាប់បានជនបង្កចំនួន៨នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
ជនដៃដល់ និងគូកនទាំង៨នាក់ ត្រូវបានគេបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី៣ ខែតុលា ស្រាប់តែនៅព្រឹកថ្ងៃទី៥ ខែតុលា ត្រូវបានគេដោះលែង៦នាក់ទៅវិញ រួមទាំងជនដៃដល់២នាក់ផងដែរ ។
ដោយឡែក២នាក់ទៀត ត្រូវបានគេបញ្ជូនទៅកាន់សាលាដំបូង ក្រោយពីសាកសួរអស់រយៈពេលពេញមួយព្រឹក ត្រូវបានគេបញ្ជូនត្រឡប់មកកាន់ស្នងការដ្ឋាននគរបាលខេត្តវិញ ដែលគេនៅមិនទាន់ដឹងថា ជនទាំងពីរនាក់នេះ ត្រូវឃុំខ្លួនឬ ក៏ត្រូវដោះលែងជាបន្តទៀតនោះទេ ។
ជនរងគ្រោះក្នុងអំពើហិង្សានេះបានឲ្យដឹងទៀតថា ពួកគាត់បានចំណាំមុខច្បាស់ណាស់ ក្នុងចំណោម៨នាក់ ដែលឃាត់ខ្លួនបាន មាន៣នាក់ជាជនដៃដល់ ឥឡូវជនដៃដល់២នាក់ ត្រូវបានគេដោះលែង នៅសល់តែជនដៃដល់ម្នាក់ និងគូកនម្នាក់ទៀត ដែលគេមិនទាន់ដោះលែង ក្នុងខណៈដែលជនរងគ្រោះម្នាក់ឈ្មោះសួន ម៉ា ដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ។
ជនរងគ្រោះបាននិយាយថា ពួកគាត់មានការឈឺចាប់យ៉ាងខ្លាំង និងអស់ជំនឿទៅលើសមត្ថកិច្ច និងមន្ត្រីច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានឃុបឃិតគ្នាដោះលែងជនដៃដល់ និងគូកនឲ្យមានសេរីភាពវិញ មិនអនុវត្តទៅតាមច្បាប់ ៕ ចន្ថា