ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័២នាក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀ នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឃាត់ខ្លួនបាន ខណៈដែលគេកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ ។
ហេតុការណ៍បង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង២០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវកែងផ្ទះសំណាក់សាន់ដេរ១ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅមុនពេលបង្ក្រាបនេះ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅទីតាំងខាងលើនេះ សមត្ថកិច្ចអនុវត្តន៍តាមបច្ចេកទេសជំនាញធ្វើស្រាវជ្រាវ និង ឡោមព័ទ្ធបង្ក្រាបក្រុមជនសង្ស័យទាំង២នាក់ខាងលើបានភ្លាមៗតែម្តង ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ ១. ឈ្មោះអឿន ភារិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកណ្តាលសង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២. ឈ្មោះ អ៊ឹម រួនសារុន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានថ្នាំម្សៅក្រាម ពណ៌ស ថ្លា១៤កញ្ចប់តូច និង៣កញ្ចប់ធំ ម៉ូតូមួយគ្រឿង និង សម្ភារៈជក់គ្រឿងញៀនមួយចំនួនផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ ខាងលើបានសារភាពថា ថ្នាំញៀនទាំង១៧កញ្ចប់ខាងលើជារបស់ខ្លួនបានទិញយកមកសម្រាប់ប្រើប្រាស់ និងចែកចាយ ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕ ចន្ថា