តុលាការឧក្រិដ្ឋអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចោទប្រកាន់ទៅលើប្រធានាធិបតីហ្វីលីពីន លោក ឌូទឺទេរ ពីបទសម្លាប់រង្គាល ក្រៅប្រព័ន្ធតុលាការ នៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោក ក្នុងរយៈពេល៣ខែ នៃការកាន់អំណាច បានសម្លាប់មនុស្សជិត៤ពាន់នាក់ ។
ពលរដ្ឋហ្វីលីពីន ជិត៤០០០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ជាចំនួនយ៉ាងច្រើនមិនធ្លាប់មានក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។ ទាំងនោះហើយ បានជាធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋានអន្តរជាតិ ក្នុងនោះមានអាមេរិក ។
កាលពីថ្ងៃទី១៣ ខែតុលា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានព្រមានថា ការសម្លាប់មនុស្សយ៉ាងច្រើននោះ នឹងត្រូវតុលាការអន្តរជាតិចោទប្រកាន់ទោសទៅលើរដ្ឋាភិបាល ។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានហៅប្រធានាធិបតីអាមេរិក និងអឺរ៉ុប ព្រមទាំងអង្គការសហប្រជាជាតិថា «ល្ងង់ខ្លៅ» ដោយលោកបញ្ជាក់ថា គ្មានអ្នកណាឆ្លាតជាងលោកឡើយ និងគំរាមថា នឹងធ្វើឲ្យអាម៉ាសទាំងអស់គ្នា ។
ចៅក្រមតុលាការ ICC បញ្ជាក់ថា «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សនៅក្នុងប្រទេសហ្វីលីពីន ក៏ដូចជាការប្រកាសរបស់រដ្ឋាភិបាលពីការសម្លាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយគ្មានទោស ។
ហ្វីលីពីន គឺជាសមាជិករបស់ ICC ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ដូច្នេះ ប្រទេសនេះ នឹងស្ថិតនៅក្នុងការត្រួតពិនិត្យ និងកាត់ទោសរបស់ ICC ប្រសិនបើមានទោស ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីហ្វីលីពីន ចេញបញ្ចាឲ្យ ប៉ូលិស ទាហាន ឬពលរដ្ឋអាចសម្លាប់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនបាន ដោយមិនមានទោសអ្វីឡើយ ។ លោក ឌូទឺរតេ ក៏បានប្រកាសថា មានករណីសម្លាប់មនុស្សខុសក្នុងសង្គ្រាមនោះដែរ ហើយរដ្ឋាភិបាល នឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ ៕ ម៉ែវ សាធី