ព័ត៌មានទាន់ហេតុការណ៍៖

Update :ឆេះតូបលក់ដូរឥវ៉ាន់ក្នុងផ្សារវាលយន្ត សរុប១៨តូប ស្មើនឹង១៤ម្ចាស់ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីអគិ្គភ័យ បានឆាបឆេះតូបលក់ដូរក្នុងផ្សារវាលយន្ត យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល អាជីវករដែលមានតូបលក់ដូរ នាំគ្នាប្រមូលយកអីវ៉ាន់របស់ខ្លួន និងបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន យករថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង បបាញ់ទឹកពន្លត់ទើបគ្រប់គ្រងស្ថានការណ៍បានខណៈមិនមានអ្នករងគ្រោះថ្នាក់នោះទេ។

យោងតាម សមត្ថកិច្ចកងរាជអាវុធហត្ថហត្ថខេត្តស្វាយរៀងបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ នៅចំណុចផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចកងរាជអាវុធហត្ថហត្ថខេត្តស្វាយរៀងបានបន្តថា បន្ទាប់ពីមានសេចក្ថីរាយការណ៏ថាមានករណីអគ្គីភ័យមួយកើតឡើង(ឆេះតូបលក់ដូរឥវ៉ាន់ក្នុងផ្សារ)វាលយន្ត ភ្លាមកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង កម្លាំងនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលក្រុងស្វាយរៀង និងនគរបាលស្រុកស្វាយទាប ចុះអន្តរាគមន៍បាញ់ពន្លត់អគី្គភ័យ រ។

រហូតដល់ម៉ោង ៦និង២៥នាទីព្រឹកទើបអាចគ្រប់គ្រងស្ថានការណ៏បាន រលត់ទាំងស្រុង ករណីនេះបណ្តាលឱ្យខូចខាតតូបលក់ដូរគ្រឿងក្រអូប និងតូបលក់ដូរឥវ៉ាន់ចាបហួយសរុបចំនួន ១៨តូប ស្មើនឹង១៤ម្ចាស់ ចំពោះសំភារៈខូចខាតកម្លាំងជំនាញកំពុងធ្វើការបូកសរុប។

សមត្ថកិច្ចបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្វាយទាប ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២២រថយន្ត មូលហេតុឆ្លងចរន្តអគ្គិសនី។


ចែករំលែក៖