ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតំបន់ផាប់ស្រ្តីត ខេត្តសៀមរាប។
ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងភាគីចិន នឹងរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៨៖០០នាទី នៅតំបន់ផាប់ស្វីត (Pub Street) ខេត្តសៀមរាប ដោយមានការចូលរួមសម្តែងសិល្បៈរួមគ្នារបស់ក្រុមសិល្បករ សិល្បការិនីកម្ពុជា និងសិល្បករ សិល្បការិនីមកពី ប្រទេសចិន ព្រមទាំងដង្ហែរក្បួនសិល្បៈផងដែរ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីបន្តអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងផ្សព្វផ្សាយការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពី ថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សំដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត។
ក្រសួងទេសចរណ៍ អំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និង សាធារណជន ជ្រាប និងចូលរួមដោយឥតគិតថ្លៃ និងជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ខាងលើនេះ ឱ្យបានទូលំទូលាយ និងបានច្រើនកុះករ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច