ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ ក្រោមប្រធានបទ «រួមគ្នាកសាងសន្តិសុខស្បៀង និងភាពសុខដុមរមនា»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះការប្រារព្ធ «ទិវាជាតិសង្គមកិច្ច លើកទី២ និងទិវាសង្គមកិច្ចពិភពលោក លើកទី១៩» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ការកំណត់យកថ្ងៃនេះជាទិវាជាតិ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងយុត្តិធម៌សង្គម។

ការប្រារព្ធទិវាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាកសាងសន្តិសុខស្បៀង និងភាពសុខដុមរមនា» ដែលផ្តោតសំខាន់លើតួនាទីរបស់កម្លាំងសេវាសង្គមក្នុងការផ្តល់ការគាំទ្រដល់មូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀង ការលើកកម្ពស់គុណតម្លៃសីលធម៌ និងចំណេះដឹងជំនាញ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះឱ្យមានភាពរឹងមាំ និងបរិយាបន្ន។

រាជរដ្ឋាភិបាលបានកំណត់គោលដៅពង្រឹងកម្លាំងសេវាសង្គមនៅតាមមូលដ្ឋាន ឃុំ សង្កាត់ ដោយដាក់ចេញនូវយន្តការ៖រៀបចំឱ្យមានបុគ្គលិកសង្គមកិច្ច និងអ្នកវិជ្ជាជីវៈសង្គមកិច្ចនៅតាមក្រុង ស្រុក ខណ្ឌ។ បណ្តុះបណ្តាល និងបង្កើនចំនួនកម្លាំងសេវាសង្គម ឱ្យសមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន គឺកម្លាំងសេវាសង្គមម្នាក់ សម្រាប់ប្រជាជន ៣ ៥០០នាក់។

ដើម្បីបន្តលើកកម្ពស់វិស័យសង្គមកិច្ច សម្តេចធិបតីបានដាក់ចេញនូវអនុសាសន៍សំខាន់ៗ រួមមាន៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់គុណតម្លៃ និងសីលធម៌ការងាររបស់កម្លាំងសេវាសង្គម។ ប្រព័ន្ធផ្សព្វផ្សាយ៖ សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធផលនានា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ពិសេសសម្រាប់ជនរងគ្រោះ និងជនងាយរងគ្រោះ។  គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រ និងបង្កើនការផ្តល់សេវាសង្គមនៅតាមសហគមន៍ឱ្យកាន់តែប្រសើរឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសង្គមកិច្ច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តជួយដល់សង្គមជាតិ និងបានប្រសិទ្ធពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖