ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសកម្ពុជា ៖ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖

នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានប្រើ ប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។

នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងរូបសំណាកព្រះពុទ្ធផងដែរ។

នៅភូមិថ្មជូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាព ឈូសឆាយដី និងសាងសង់ផ្លូវ ព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅភាគខាងលិចនៃតំបន់ ដំណាក់ស្តេច។

នៅតំបន់អានសេះ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន ព្រមទាំងលើកទង់ជាតិថៃ។ សកម្មភាពស្រដៀងគ្នានេះត្រូវ បានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយព្រះសង្ឃថៃ បានសាង សង់រូបសំណាកព្រះពុទ្ធមួយអង្គ។

នៅតំបន់តាថាវ ខេត្តព្រះវិហារ សាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់ ម្តុំប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវ។

នៅតំបន់តាសឺម និងចាក់ប្រែង ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភារ ឆាយដី និងសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន។

កងកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំង ផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។

តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ សកម្មភាពខាងលើគឺជាការរំលោភបន្ថែម ទៀតលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងបោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើក ទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ជៀសវាងសកម្មភាពឯកតោភាគី បន្ថែមទៀតនៅក្នុងតំបន់ខាងលើ និងធានានូវការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាង ប្រទេសទាំងពីរឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែង រកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ព្រមទាំងប្តេជ្ញា ចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖