ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលកៅស៊ូDBST ប្រវែង៣ ២០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៤កន្លែង ស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមរុះរើរសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋដើម្បីបើកផ្លូវឱ្យបានធំទូលាយបង្កលក្ខណៈឱ្យរដ្ឋបានជួសជុលផ្លូវឡើងវិញបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង។

លោក ក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរំដោះដីចំណីផ្លូវ រុះរើរសំយាប និងសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។

លោករំលេចអំពីចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យទៅជាទីក្រុងវៃឆ្លាត ស្មាត ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

លោកអភិបាលខេត្ត ណែនាំដល់អាជ្ញាធរត្រូវចុះអប់រំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវ ដោយត្រូវលក់ដូរនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីសណ្ដាប់ធ្នាប់ទីក្រុង និងលើកតម្កើងវប្បធម៌រស់នៅស្អាតទាំងអស់គ្នា។

លោក សុខ លូ លើកទឹកចិត្តប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%។

លោក អំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ទិញប្រេងឥន្ធនៈស្តុកទុកនោះទេព្រោះកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ ខណៈពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេងមិនមែនមាននៅតែកម្ពុជានោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖