ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង​៖ សត្វផ្សោតកំពុងត្រូវបានអភិរក្សដោយការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ ​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា សត្វផ្សោតកំពុងត្រូវបានអភិរក្សដោយការយកចិត្តទុកដា​ក់ខ្ពស់ពីមន្ត្រីជំនាញ។

​ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ស្ដីពីសក្ដានុពល និងការអភិវឌ្ឍខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំដោយផ្ទាល់។

​​លោក សរ សុពុត្រា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦នេះ សត្វផ្សោតក្នុងខេត្តស្ទឹងត្រែងមិនមានការកើនឡើងក៏ពិតមែន តែក៏មិនមានការបាត់បង់នោះដែរ ដោយសារក្រុមឆ្មាំទន្លេបានខិតខំប្រឹងប្រែងតាមដានដោយយកចិត្តទុកដាក់។

គួរជម្រាបថា គិតត្រឹមឆ្នាំ២០២៦នេះ សត្វផ្សោតក្នុងប្រទេសកម្ពុជាមានចំនួន ១១៣ក្បាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្មជា​សេនា​ធិការរាជរដ្ឋាភិបាល ជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រចេះនិងស្ទឹងត្រែង អាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស​អង្គការ​ WWF ធ្វើការក្នុងគោលដៅរួមគ្នាដើម្បីចាត់វិធានការពង្រឹងកិច្ចការពារ ដោយ​បានបង្កើត​ក្រុមឆ្មាំទន្លេចំនួន៧២រូប យាមល្បាតជាប្រចាំនៅតំបន់អភិរក្សសត្វផ្សោត។

ក្រោមការដឹកនាំពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលជលផល ប្តេជ្ញា​ពង្រឹង​​ការអនុវត្តច្បាប់ លុបបំបាត់ការនេសាទខុសច្បាប់ និងលើកកម្ពស់ការ​គ្រប់គ្រង​ទន្លេ​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឱ្យបាននូវការរស់​រានមានជីវិត​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ និងបង្កើនផលស្តុកត្រីក្នុងជម្រកធម្មជាតិ៕

ដោយ​៖ តារា​


ចែករំលែក៖