ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​៖​ កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីក​ទីផ្សារ​ឱ្យ​កាន់​ទូលំ​ទូលាយ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​ក្លាយ​ជា​សមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពស​ម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក ​(CPTPP) ដែលនេះគឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុងតំបន់ និងពិភពលោក។

សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង​វឌ្ឍន​ភាព​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយ​ដើម្បី​អាចបន្ថែមសមាជិកថ្មីបាន លុះត្រាណាតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ១២ប្រទេស។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​ បានលើកឡើងថា រាជ​រដ្ឋាភិបាល​នឹង​ខិតខំឱ្យក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPPនេះ ដើម្បីពង្រីក​ទីផ្សារ​នាំ​ចេញ​ផលិតផលរបស់កម្ពុជា និងដើម្បីអាចស្រូប​ទាញ​វិនិយោគិន​ពី​បរទេស​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជាបន្ថែមទៀត។ លោកបញ្ជាក់ថា បើតាមបទពិសោធន៍របស់កម្ពុជា នឹង​មិន​ពិបាក​នោះ​ទេ ក្នុងការចរចាឱ្យក្លាយជាសមាជិកពាណិជ្ជកម្ម CPTPP នេះ។

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម CPTPP គឺជាប្លុកពាណិជ្ជកម្មដែលមានសមាជិកចំនួន១២ រួម​មាន​ប្រទេស​អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ឈីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកសិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី, វៀតណាម និងអង់គ្លេស ដែលគ្រប់ដណ្តប់ប្រមាណ ១៣ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)ពិភពលោក។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​ជា​សមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ RCEP គឺ​ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោកដែលគ្របដណ្តប់ ១៥ ប្រទេស (អាស៊ាន១០ + ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់) ដោយតំណាងឱ្យប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក។ លើសពីនេះ កម្ពុជាមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម៕

ដោយ​៖ តារា​


ចែករំលែក៖