ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា សកម្មភាពរបស់កងកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា នៅពេលដែលប្រទេសថៃបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែនស្របច្បាប់ចូលមកក្នុងទឹកដីកម្ពុជា នោះត្រូវបានចាត់ទុកថា ជា «ការឈ្លានពាន»។ ចំណែកការសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើទឹកដីកម្ពុជាដែលខ្លួនបានចូលឈ្លានពាន គឺជាការចូល «កាន់កាប់»។
លោកបន្តថា នៅពេលដែលកងទ័ពថៃកម្ទេចផ្ទះសម្បែងប្រជាជនស៊ីវិលខ្មែរ នៅក្នុងតំបន់ដែលខ្លួនកាន់កាប់ និងរារាំងប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនឲ្យត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ នោះគឺជាការសង្កត់សង្កិនលើប្រជាជនស៊ីវិល។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា ការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ព្រមទាំងសង្កត់សង្កិនប្រជាជនខ្មែរ ដែលមានអារ្យធម៌ជាច្រើនពាន់ឆ្នាំនៅលើទឹកដីនេះ គឺអាចចាត់ទុកថាជាការប៉ុនប៉ងលេបត្របាក់ទឹកដី។
លោកបានសន្និដ្ឋានថា សកម្មភាពទាំងនេះបង្ហាញថា ថៃកំពុងប្រព្រឹត្តក្នុងលក្ខណៈជាប្រទេសអាណានិគមថ្មី ដែលមិនគោរពច្បាប់អន្តរជាតិ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច