ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ដល់១៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់​អភិ​សន្តិ​បណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្ត​ធ្វើ​ការប​ណ្ដេញ​ចេញ​ជនបរទេសសរុបចំនួន ១,៥៥៦នាក់ ស្រី ២៧៨នាក់ មាន២១សញ្ជាតិ រួមមាន ៖ កេនយ៉ា ប៉ូតង់ ប៉ាគីស្ថាន កូរ៉េ ឥណ្ឌា ចិន វៀតណាម បង់ក្លាដេស យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ជប៉ុន កាមេរូន ហ្វីលីពីន មីយ៉ាន់ម៉ា នីហ្សេរីយ៉ា តុងហ្គោ ចិនតៃវ៉ាន់ ទួកមេនីស្ថាន នេប៉ាល់ ស្រីលង្កា និង​ម៉ាឡេស៊ី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះមានជនជាតិវៀតណាម៧៧៦នាក់ (ស្រី ១៨៣ នាក់) ពាក់ព័ន្ធ​ករណី​ឆបោកតា​ម​ប្រព័ន្ធ​អនឡាញ (Online Scams) ត្រូវបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត(ខេត្តស្វាយរៀង) និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ខេត្តក្រចេះ) និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើ ប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការបណ្ដេញចេញជនបរទេសខាងលើនេះ គឺជាការ អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹង ប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖