ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ូលិសចាប់បានក្រុមចោរ២នាក់ ហែករបងចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ករណីលួចទ្រព្យសម្បត្តិមួយបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅចំណុចក្រុមទី០៥ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពហែករបង និងគាស់ពិដានផ្ទះចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជនរងគ្រោះឈ្មោះ ឡេង សុភានី ភេទស្រី អាយុ២៣ឆ្នាំ បានបាត់បង់សម្ភារៈជាច្រើន រួមមាន ម៉ាស៊ីនកាត់ស្មៅ១ គ្រឿង បំពង់ស៊ីមម៊ាំងម៉ូតូ១ដើម ខ្សែភ្លើងប្រមាណ៥០ ម៉ែត្រ ខ្សែកអង្កាំបន្តោងព្រះ៣ខ្សែនិងរូបចម្លាក់មួយចំនួន។

ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់នៅកន្លែងកើតហេតុ រួមមាន ឈ្មោះ ស៊ឹម ង៉ោល អាយុ៣០ឆ្នាំ និងឈ្មោះ រីវ ចំរើន អាយុ៤៤ឆ្នាំ។

តាមការសាកសួរ ជនសង្ស័យទាំងពីរ បានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចដោយហែករបង និងគាស់ពិដានផ្ទះចូលយកទ្រព្យសម្បត្តិពិតប្រាកដ។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនដូចជា កន្ត្រៃ ដែកកាប់ ទុយឡឺវីស សោ និងរណាដែក។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖