ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្ម, ប្លន់សម្លាប់នៅស្រុកបាណន់ កាលពី១០ថ្ងៃមុន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ករណីប្រទះឃើញសាកសព​ក្នុង​ទឹកស្រះ ក្បែរ​ជើងភ្នំ​១៥០ក្នុង​ទឹកដីឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ពេលនេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត ចាប់ ខ្លួនជន​ដៃដល់​បានម្នាក់ហើយ ខណៈដែល​ជន​ដៃដល់​ជា​ ក្លេីឬមិត្ត​ភក្តិ យ៉ាង​ជិត​ស្និទ្ធ ជាមួយនឹង​ជន​រង​គ្រោះ​ផងដែរ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​បឋម​ពី​សមត្ថកិច្ច នៅ​រសៀល​ថ្ងៃ​ទី​២១ មី​នា ឆ្នាំ២០២៦នេះ  ខណៈ​កម្លាំង​ជំនាញ បាន​និង​កំពុង​មមារញឹក ចុះ​ប្រមូល​វត្ថុ​តាង​នានា ដែល​ជន​ដៃដល់​ បានប្លន់ពី​ជន​រង​គ្រោះ​ ។ 

សូមរំលឹកថា ក្រោយបាត់​ខ្លួន​៩​ថ្ងៃ​ក្លាយជា​សាកសព​នៅ​ ក្នុង​ទឹកស្រះ​  សង្ស័យ​ត្រូវ​គេ​ល្បូ​ង​យក​ទៅ​សម្លាប់​ប្លន់​ យក​ម៉ូតូ​០១ គ្រឿងនិង​ខ្សែក​.មាសទម្ងន់២​តំឡឹង ។

សមត្ថកិច្ចបាន​ផ្ដល់​ព័​ត៌​មាន​ថា ជនសង្ស័យដែល​មន្ត្រី​ជំនាញ​ឃាត់ខ្លួន​បាន​មាន ឈ្មោះ ភឿ​ក សា​រ៉ា​វុ​ធ ហៅ សម្បត្តិ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ខណ:ជន សង្ស័យ​និង​ជន​រង​គ្រោះ​រស់នៅ​ក្នុងភូមិ​-ឃុំ​ជាមួយ​គ្នា ហើយ​ក៏ជា​ពួកម៉ាក​ជិត​ស្និទ្ធ​នឹង​គ្នា​ទៀតផង ។ បើ​តាម​សមត្ថកិច្ច​ដដែល​ជន​ដៃដល់​នេះ ត្រូវ​បានកម្លាំង​ជំនាញ​ក្របួចយក​មក​សួរនាំ​តាំងពី​ ថ្ងៃ​ទី​២០ មី​នា ឆ្នាំ២០២៦  ខណៈពេល​កំពុង​អង្គុយ​មើល មន្ត្រី​ជំនាញ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​ ។

ការ​ឈាន​ដល់​ចាប់​អូស​.កជនសង្ស័យ​ម្នាក់​នេះ​​ យកម​ក​សាកសួរ គឺក្រោយ​ពី​សមត្ថកិច្ច​ទ​ទួល​បាន​តម្រុយ​ពី​អ្នក​ភូមិ ដែល​​ធ្លាប់​ស្គាល់​ប្រវត្តិ និង​ការ​ទំនាក់ទំនង​គ្នា​រវាង​ជនសង្ស័យ និង​ជន​រង​គ្រោះ ។ បើ​តាម​អ្នក​ភូមិ​ដែល​ចង្អុលបង្ហាញ​មុខសញ្ញា​ជនសង្ស័យ​ ដល់​សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ថ្ងៃ២០ខែមីនា ឆ្នាំ២០២៦ នៅពេលដែល​សមត្ថកិច្ច​ចុះ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ គេ​ឃើញ​ជន សង្ស័យ​ ឈ្មោះ ភឿក សារ៉ាវុធ ហៅសម្បត្តិ បាន​ទៅ​អង្គុយ​មើល​សមត្ថកិច្ច​ពិនិត្យ​សាកសព ហើយ​ថែម​ទាំង​ធ្វើ​ជា​ជួយ​នេះ ជួយ​នោះ​ ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទៀត​​ផង​ដែរ ។  ក៏ប៉ុន្តែ​គេ​សង្ស័យ​ទៅ​លើ​ជន​ដៃដល់រូបនេះ ក៏​ព្រោះតែ​គេ​ដឹង​ច្បាស់​ពី​ប្រវត្តិ​អ្នក​ទាំង​២ ជនរង គ្រោះនិង​តាម​រយៈ​សម្លេង​និយាយ​ហៅ​គ្នា “អា​ទៅ​… អាមក​…តាម​ទូរស័ព្ទ​មុន​​ពេល​ជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ចេញពីផ្ទះ​តាម​​ការបញ្ជារបស់​ជនសង្ស័យ​ ។

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្ម​ទ​ណ្ឌបាន​ឲ្យ​ដឹងថា  ការ​នាំ​ខ្លួន​ជនសង្ស័យ​នេះ​មក​សួរ​នាំ ​ដំបូង​ជន​នេះ​​បាន​បដិសេធ​យ៉ាង​ដាច់ខាត​​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទេ​ ក៏ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី២១ មី​នា ឆ្នាំ២០២៦ ក្រោយ​ពី​មន្ត្រី​ជំ​នា​ញ​រក​ឃើញ​វត្ថុ​តាង​ ពាក់​ព័ន្ធ​​មួយ​ចំនួន យក​មក​ចង្អុល​ចំ​មុខ​ ទើប​ជន​នេះ​ឆ្លើយ​សារភាព​ទ​ទួល​ស្កាល់​ទាំងអស់និង​គ្រប់​សកម្មភាព​ដែល​ខ្លួន​បាន​ល្បួង​​ពួកម៉ាក​ (​ជន​រង​គ្រោះ​) យក​ទៅ​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ ។

ជន​រង​គ្រោះ​ ឈ្មោះ ឆោម ឆៃ​យ៉ា ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​នៅ​ថ្ងៃ​ទី​១០ មី​នា ឆ្នាំ២០២៦ គឺក្រោយ​មាន​មនុស្ស​ប្រុស​ម្នាក់​ទូរស័ព្ទ​ហៅ​ណាត់ជួប​គ្នា​។ ក្រោយ​ជិះ​ម៉ូតូ​ចេញពីផ្ទះ ក៏​បាត់​ដំណឹង​ឈឹង​រហូត​មក​ តែម្តង។  លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មី​នា ឆ្នាំ២០២៦ ទើប​ក្រុម​គ្រួសារ​ទ​ទួល​ដំណឹងដ៏​អ​កុស​ល្យ​ថា ជន​រង​គ្រោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញស្លាប់ នៅ​ក្នុង​ទឹកស្រះ​មួយ​កន្លែង ក្បែរ​ជើងភ្នំ​១៥០ ស្ថិត​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ពេល​ចេញពីផ្ទះ ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ថ្មីស្រឡាង​​​ ០១​គ្រឿង និង​ ពាក់​ខ្សែ​.ក​ មាស​ ១​ខ្សែ​ ទម្ងន់​២​ តំឡឹង​ ។ សម​ត្ថកិច្ច​ថា នៅ​លើ​ខ្លួន​សាកសព​គ្មាន​បន្សល់​ទុក​អ្វី​​ទេ​ ។ សាកសពឈ្មោះ ឆោម ឆៃ​យ៉ា មាន​ស្នាម​របួស​ធ្ងន់ធ្ងរ រហូត​ផុង​លលា​ដ៍​ក្បាល​ជា​ច្រើន​កន្លែង  ជា​ពិសេស​ ត្រង់​ក្បាល និង​លើ​ផ្ទៃមុខ​ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​ពី​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​ ។

លោក ​ឈឿ​ង គឹ​ម​សុង ប្រាប់​​ឱ្យដឹងថា យើង​ប្រមូល​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​បាន​មួយ​ចំនួន​ធំ​ហើយ ។ ម៉ូតូ​ដែល​ជន​សង្ស័យ​ប្លន់​យក​ពី​ជន​រង​គ្រោះ គឺ​ជន​នេះ​បាន​យក​ទៅ​ប្លុង​ចោល​ក្នុង​ទឹក​មួយ​កន្លែង នៅក្នុងស្រុក​ថ្មគោល ហើយ​ពេល​នេះ  លោកស្នងការ​ខេត្ត​ បាន​បញ្ជា​ឲ្យ​ លោក ​ដឹកនាំ​កម្លាំង​ជំ​នា​ញ​ តាម​ ប្រមូល​យក​វត្ថុ​តាង​ដទៃ​ទៀត ដែល​ជន​ដៃដល់រូប នេះ​បាន​ប្លន់​យក​ពី​ជន​រង​គ្រោះ ​។

បើ​តាម​ប្រភព​ព័​ត៌មាន​ចុង​ក្រោយ គឺជនសង្ស័យ​ ឈ្មោះ ភឿ​ក សា​រ៉ា​វុ​ធ ហៅ​(សម្បត្តិ )នេះ​គឺជា មេខ្លោង​ក្នុង​អំពើ​ប្លន់​សម្លាប់​មិត្តភក្ដិ​ខ្លួនឯង​នេះ គឺដំបូង​ជន​ដៃដល់រូបនេះ​​ បាន​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​នេះ​តែ​ម្នាក់ ឯង​ទេ។ តែ​ពេល​នេះ​ ទំនង​ចេញ​បក្ស​ពួក​រួម​គំ​និត​មក​បន្ថែម​ទៀត​។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។ ដោយឡែកជនដៃខាងលើនេះ ត្រូវបានបន្តនីតិវិធីតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖