ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់បញ្ចេញអាវុធចម្ងាយឆ្ងាយមិនធ្លាប់ឃើញបាញ់ដាក់អ៊ីស្រាអែលនិងមូលដ្ឋានទ័ពរួមអង់គ្លេស-អាមេរិក

ចែករំលែក៖

អន្តរជាតិ : នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ៊ីរ៉ង់បានបញ្ចេញអាវុធថ្មីៗ  ដែលមិនធ្លាប់ឃើញ បាញ់ដាក់ទីតាំងរបស់សត្រូវរបស់ខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ លើសមត្ថភាពរបស់អ៊ីរ៉ង់ ទោះបីជាអាមេរិកនិងអ៊ីស្រាអែលអះអាងថា បានបំផ្លាញសមត្ថភាពជើងទឹកនិងជើងអាកាសរបស់សាធារណរដ្ឋអ៊ិស្លាមក៏ដោយ។ នៅថ្ងៃសៅរ៍អ៊ីរ៉ង់បានបាញ់មីស៊ីលចម្ងាយឆ្ងាយជាលើកដំបូងដាក់ទីក្រុងDimona និង Aradនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បណ្តាលឱ្យមនុស្សជាង១០០នាក់រងបួស។ ទីក្រុង Dimonaជាកន្លែងមួយដែលត្រូវបានគេជឿយ៉ាងទូលំទូលាយថា ជាទីតាំងនៃឃ្លាំងអាវុធនុយក្លេអ៊ែរតែមួយគត់របស់តំបន់មជ្ឈិមបូព៌ា។ តែអ៊ីស្រាអែលមិនដែលប្រកាសឬទទួលស្គាល់ថា ខ្លួនមានអាវុធនុយក្លេអ៊ែរនោះទេ។

រ៉េអាក់ទ័រនុយក្លេអ៊ែរសម្ងាត់របស់អ៊ីស្រាអែល ស្ថិតនៅចម្ងាយប្រហែល១៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងDimona។ ចំពោះទីក្រុងទាំងពីរនេះ គឺស្ថិតនៅជិតទីតាំងយោធាជាច្រើន រួមទាំងមូលដ្ឋានទ័ពអាកាសNevatim ដែលជាមូលដ្ឋានទ័ពអាកាសធំជាងគេមួយរបស់អ៊ីស្រាអែលផងដែរ។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោកEffie Defrinបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបរាជ័យ នៅក្នុងការស្ទាក់ចាប់មីស៊ីលទាំងនោះ ហើយថានឹងយកការបរាជ័យលើកនេះ ធ្វើជាបទពិសោធន៍ ដើម្បីសិក្សាស្រាវជ្រាវរកវិធីរារាំងវា។ ការវាយប្រហារនេះ បានធ្វើិឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន នេតាន់យ៉ាហ៊ូខឹងខ្លាំងណាស់ និងប្តេជ្ញាតាមសងសឹកអ៊ីរ៉ង់នៅគ្រប់ទិសទី។

កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់បាននិយាយថា ពួកគេបានកំណត់លើគោលដៅទីតាំងយោធា និងមជ្ឈមណ្ឌលសន្តិសុខនៅភាគខាងត្បូងអ៊ីស្រាអែល។ អ៊ីរ៉ង់បាននិយាយថា ការកំណត់គោលដៅលើទីក្រុងDimona គឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែរ Natanzរបស់ខ្លួន។ កងឆ្មាំបដិវត្តន៍អ៊ិស្លាមបាននិយាយថា កងកម្លាំងក៏បានកំណត់គោលដៅទីក្រុងភាគខាងត្បូងអ៊ីស្រាអែលផ្សេងទៀត ក៏ដូចជាទីតាំងយោធានៅក្នុងប្រទេសគុយវ៉ែត និងអារ៉ាប់រួមផងដែរ។

អ្វីដែលកាន់តែបង្កការភ្ញាក់ផ្អើលលើសនេះទៀតនោះ កាលពីថ្ងៃសុក្រអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមចំនួន២គ្រាប់ ទៅកាន់មូលដ្ឋានទ័ពDiego Garcia ដែលប្រើរួមគ្នារវាងអង់គ្លេសនិងអាមេរិក នៅមហាសទ្រឥណ្ឌា ដែលមានចម្ងាយរហូតដល់ជាង៣,០០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNN។ ប៉ុន្តែពុំមានមីស៊ីលមួយគ្រាប់ណា បានវាយប្រហារមូលដ្ឋានទ័ពនោះទេ៕

សារព័ត៌មានCNN


ចែករំលែក៖