ព័ត៌មានទាន់ហេតុការណ៍៖

អស់លទ្ធភាពប្រដៅកូនញៀនថ្នាំស្រវឹងខួប,លោកឪពុកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ដោយឆ្អែ​ត​ចិត្ត​ និង​អស់​លទ្ធភាព​ប្រដែរ​ប្រដៅ​អប់​រំលោក​កូនប្រុស​ដែល​«​ញៀន​ថ្នាំ និង ស្រា​» ចេះ​តែ​ដើរ​បង្ក​ហឹ​ង្សា​ជា​ញឹក​ញ៉ាប់​មិន​ថា ក្នុង​គ្រួសារ ឬ លើ​អ្នក​ភូមិ​ឡើយ ទើប​លោកឪពុក សម្រេច​លើក​ម្រាម ដៃ​ដប់ សុំ​អង្វរ​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​ចាប់​លោក​កូន​អកតញ្ញូ​ម្នាក់​នេះ​ដាក់​«​គុក​»​ទោះ​ដាក់​ប៉ុន្មាន​ឆ្នាំ​ក្ដី ជៀស វាង​កុំ​ឲ្យ​បាន​បង្ក​ហឹ​ង្សា បំផ្លាញ​ទ្រព្យ​ក្នុងផ្ទះ ឬ ដើរ​អុក​អ្នក​ភូមិ​តទៅ​ទៀត​។

បុរស​ម្នាក់ ដែល​អះអាង​ថា ត្រូវជា​ឪពុក​បង្កើត​របស់​កូនប្រុស​អតត​ញ្ញូ​នោះ បាន​លើកដៃ​សំពះ​នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​មូលដ្ឋាន ដោយ​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច​ឬ​ថ្នាក់ដឹកនាំ ជួយ​អន្តរា​គម​ន៏​ចាប់​កូនប្រុស​គាត់​យក​ទៅ​ដាក់​«​គុក​»​ឲ្យ​បាត់​ពី​ផ្ទះ​បែប​នេះ ក្រោយ​ពេល​កូនប្រុស​គាត់​រូប​នេះ កាន់​ដាវ​ក្នុង​ដៃ ហើយ​បង្ក​ការ​គំរាមកំហែង និង កាប់​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ភូមិ ហើយ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​និង​១៨​នាទី​យប់​ថ្ងៃ​ទី ២១ មិ​នា ត្រង់​ចំណុច​ភូមិ​ខ្នារ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ក្រោយ​ទ​ទូល​បណ្ដឹង​ពី​ជន​រង​គ្រោះ​។

នាយ​ប៉ុ​ស្ដិ៍នគរបាល ឃុំ​ឈើទាល លោក ស៊ី​ម ពី​ទូ បាន​ឲ្យ​ដឹង​ថា ជន​ដែល​តែង​បង្កហិង្សា​រ និង ដើរ​អុកឡុក​អ្នក​ភូមិ​នោះ ឈ្មោះ លឿន លី​ផេង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ស្រមរ ស្រុក​បាណ​ន់​។ លោកនាយ​ប៉ុ​ស្ដ៏ បាន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ភ្លាម​ៗ​ទាំង​កណ្ដាល​យប់ ខណៈ​ជន​នេះ​កំពុង​កាន់​ដាវ​ប្រវែង​ជិត​១ម៉ែត្រ ធ្វើ​សកម្មភាព​អុកឡុក និង កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដោយ​យោង​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ម៉េ​ង​សុង ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជា​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវរស់នៅ​ចំណុច​ កើតហេតុ​ខាងលើ​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​លើ​សកម្មភាព​ជន​បែក​ថ្នាំ និង ញៀន​ស្រា​ម្នាក់​នេះ បាន​បង្ហាញ​ពី​ចរិត​កាច​សាហាវ កាន់​ដាវ​ក្នុង​ដៃ​ប្រវែង​ជិត​១ ម៉ែត្រ ដើរ​គ្រវី​ច្រ​ង៉េ​ង​ច្រ​ង៉ាង ជាមួយនឹង​សម្រែក​កំរាម​កាប់សម្លាប់​អ្នក​ភូមិ ដូច​មនុស្ស​ឆ្គួ​ត​គួ​ឲ្យ​ខ្លាច​។

ជា​ពិសេស​ជននេះគំរាម​កាប់សម្លាប់​ថៅកែ​ម៉ាស៊ីនកិន ស្រូវ​តែ​ម្ដង​។ លោក ស៊ី​ម ពី​ទូ បាន​បន្តថា ជន​នេះ​បាន​គ្រវីដាវ​ប្រវែង​០៨​តឹក ដេញ​កាប់​កម្មករ​ម៉ាស៊ីនកិនស្រូវ កាប់​របង​ផ្ទះ​គេ និង យក​ដុំ​ថ្ម​គប់​កម្មករ​បន្ថែម​ទៀត​។ មិនតែប៉ុណ្ណោះ ជន​នេះ​បាន​វាយ​បំផ្លាញ​តុ លក់​គុយទាវ​គេ​នៅ​ក្បែរ​នោះ​បណ្ដាល​ឲ្យ​ខូចខាត​អស់​ចំនួន​០២​ថែម​ទៀត មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ដើម្បី​អន្តរា​គម​ន៏ នាំ​ខ្លួន​ជន​នេះ​មក​កាន់​ប៉ុ​ស្ដ៏​រដ្ឋបាល​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​។

​ឪពុក​ជនសង្ស័យ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ពី​ប្រវត្តិ នៃ​ការ​ឈឺចាប់​យ៉ាង​កំសត់​របស់​គាត​ផ្ទាល់ និង ក្រុមគ្រួសារពីការ បាត់បង់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ធ្លាប់​រង​របួស​ក្រោម​កណ្ដាប់ដៃ​លោក​កូន​អត​ក​ញ្ញូ​ម្នាក់​នេះ​។ ដោយ​បង្ហាញ​ពី​ក្ដី​អស់​ស​ង្ឍឹ​ម លែង​រំពឹង​បាន​ទៀត​ទៅ​លើ​កូនប្រុស​ម្នាក់​នេះ​។ ក្នុង​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ទៅ​ហើយ នៅ​ចំពោះ​មុខមន្ត្រី​មូលដ្ឋាន នា​ព្រឹក​ថ្ងៃ​ទី ២២ មិ​នា លោក ហាន ប៊ុ​ន​លឿន (​ឪពុក​ជនសង្ស័យ​) បាន​ប្រកាស​លេង​ដឹង​ឮ​ចំពោះ​កូន​ម្នាក់​នេះ ជាមួយនឹង​លើក​ម្រាម​ដប់ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​យក​កូនប្រុស​រូប​នេះ​ទៅ​ដាក់​«​គុក​» ទោះ​ជាប់​ប៉ុន្មាន​ឆ្នាំ​ក្ដី​។ រៀបរាប់​បណ្ដើរ លើក ដៃ​ចង្អុលបង្ហាញ​ស្នាម​របួស​លើ​បបូរមាត់​បណ្ដើរ​យ៉ាង​ដូច្នេះ​ថា «​កូន​ខ្ញុំ វា​ធ្វើបាប​ខ្ញុំ​ពេក​។

មុន​នេះ​រករឿង​គាត់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ រក​កាប់រ​កអី​។ នេះ​ជា​ស្នាម​វា​វ៉ៃ​ខ្ញុំ​….! ចឹ​ង​ខ្ញុំ​លែង​ដឹង​ឮ​ហើយ​… សូម​ឲ្យ​លោក​សមត្ថកិច្ច ឯកឧត្តម​ធ្វើ​ម៉េច ធ្វើ​ទៅ​…​? ខ្ញុំ​គ្មាន​លទ្ធភាព​អប់រំ ណែនាំ​។ ខ្ញុំ​អស់​លុយ អស់​កាក់​ច្រើន​ណាស់​ហើយ​។ ម៉ូតូ​អស់​០២​ទៅ​០៣​ក្រឿ​ង​ហើយ​វា​លក់ ដូច្នេះ​សូម​សមត្ថកិច្ច​ធ្វើ​ម៉េច ធ្វើ​ទៅ​..»​។

អង្គុយ​លើ​បង់​ថ្ម បង្ហាញ​ទឹកមុខ​ដ៏​ស្រងូត​ស្រ​ង៉ា​ត់ លោក ហាន ប៊ុ​ន​លឿន បាន​លើកដៃ​សំពះ​ជាមួយនឹង​ពុំនោល​បែប​នេះ​ថា «​ខ្ញុំ​ជា​ឪពុក​របស់ លី​ផេង​។ ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​ម្រាមដៃ​ដប់​នេះ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​។ ខ្ញុំ​មានទុក្ខ​លំបាក​ច្រើន ហើយ​បញ្ហា​គឺ​វា​រករឿង​។ លក់​របស់រប​ក្នុងផ្ទះ​អស់ពី​ខ្លួន​ហើយ ឥឡូវ​អត់​មានអី​សង្ឃឹម​..! ចឹ​ង​សូម​ឲ្យ​សមត្ថកិច្ច​ចួ​យ​ដោះស្រាយ​ឲ្យ​ខ្ញុំ​បាន​ធូរ​ផង​»​។ នៅ​ពេល​សួរ​ថា តើ​ឲ្យ​ជួយ​ដោះស្រាយ​ដូច​ម្ដេច​ដែរ ? លោក ហាន ប៊ុ​ន​លឿន ហាក់​មិន​រេ​រែក​ទេ​ក្នុង​ការ​ផ្ដល់​ចម្លើយ​ទៅ​កាន់​សំ​នូ​រ​។

គាត់​បាន​ឆ្លើយ​យ៉ាង​រហ័ស ដែល​បង្ហាញ​ពី​ការ​ដាច់​ចិត្ត អស់​ភាព​អត់ធ្មត់ លែង​ទ​ទូល​ស្គាល់ លែង​ដឹង​ឮ ជា​កូន ជា​ឪ​នឹង​គ្នា​តទៅ​ទៀត​។ ព្រោះ​អស់​ការ​កែប្រែ ណែនាំ​លែង​ស្ដាប់​។ លោក ប៊ុ​ន​លឿន បាន​ឆ្លើយ​តប​ដូច្នេះ​ថា «​ខ្ញុំ​បង់​ឲ្យ​យក​កូន​ខ្ញុំ ទៅ​ក​ដាក់គុក​តែ​ម្ដង​ទៅ​»​។ តើ​មូលហេតុ​អ្វី បានជា​លោក​ខឹង​រហូត​ត្រូវ​យក​កូន​ដាក់គុក ? លោក ប៊ុ​ន​លឿន បាន​ផ្ដល់​ច​ម្លើ​ម​ភ្លាម​ទៀត​ថា «​បញ្ហា​វា​ជក់​ផង វា​ផឹក​ផង ហើយ​វា​រករឿង​ខ្ញុំ ចឹ​ង​លើក​ក្រោយ​ទៅ​មិនដឹង​ថា ខ្ញុំ​មាន​បញ្ហា ឬ វា​មាន​… ចឹ​ង​វា​មិន​ទៀងទេ​។ បើ​ទុក​វា​… បញ្ហា​នៅ​តែ​មាន​។ ខ្ញុំ​មិន​ខឹង​ទេ រឿង​ប៉ូលិស​ឃាត់ខ្លួន​វា​…ខ្ញុំ​សូម​ជួយ​យក​វា ទៅ​ដាក់គុក​ប៉ុន្មាន​ឆ្នាំ​ក៏​បាន​ដែរ​»​។

ខាងលើ​នេះ ជា​សម្រង់​សម្ដី​របស់​លោក ហាន ប៊ុ​ន​លឿន ដែល​ជា​ឪពុក​បង្កើត​ជនសង្ស័យ​ឈ្មោះ លឿន លី​ផេង ដែល​ត្រុ​វ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​«​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​និង​បំផ្លេចបំផ្លាញ​ទ្រព្យ​អ្នក​ដទៃ​»​។ យ៉ាងណា​ក្ដី នៅ​ក្នុង​ករណី​នេះ បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ថា ពេល​នេះ​ជនសង្ស័យ​ឈ្មោះ លឿន លី​ផេង កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

ដោយ៖ សូរិយា


ចែករំលែក៖