ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាប្រដាល់លោក តែម ម៉ឺន បានប្រកាសថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកដំបូងឆ្នាំ២០១៦នេះ សហព័ន្ធត្រៀមមន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីដាក់ពិន្ទុប្រមាណ៦០នាក់ ។
លោកមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល់និងពង្រឹងស្មារតីមន្ត្រីជំនាញកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្នុងសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ជៀសវាងមន្ត្រីទាំងនោះ មានភាពលម្អៀង ធ្វើឲ្យប៉ះពាលដល់ផែនការឆ្ពោះទៅរកកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
លោកប្រធានសហព័ន្ធបានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ សហព័ន្ធបានជ្រើសរើសកីឡាករ កីឡាការិនី សរុប១៦១នាក់ មកពី១២រាជធានី-ខេត្ត និងក្រសួងចំនួន២ ដោយបែងចែងជា២ប្រភេទ កីឡា ក្នុងនោះ ប្រដាល់សកល មានកីឡាករកីឡាការិនីចំនួន៨៤នាក់ ស្មើនឹង៨ប្រភេទទម្ងន់ ចាប់ពីទម្ងន់៤៨គីឡូក្រាម ដល់៧១គីឡូក្រាម ប្រើប្រាស់មន្ត្រីអាជ្ញាកណ្តាលនិងមន្ត្រីដាក់ពិន្ទុ ស្នងការប្រកួតមន្ត្រីវិនិច្ឆ័យសរុប៣០នាក់ នៅសង្វៀនស្តាត់ចាស់ និង ប្រដាល់ក្បាច់គុនបុរាណខ្មែរ មានកីឡាករ៧៦នាក់ ចែកចេញជា៨ប្រភេទទម្ងន់ គឺ៤៨គីឡូក្រាមដល់៨០គីឡូក្រាម ប្រើប្រាស់មន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីដាក់ពិន្ទុ ស្នងការប្រកួតមន្ត្រីវិនិច្ឆ័យសរុប៣០នាក់ ។
លោកតែម ម៉ឺនបានដាក់សម្ពាធទៅលើមន្ត្រីថា ក្នុងនាមជាមន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីចៅក្រមត្រូវមានភាពសុក្រឹត្យ ដោយមិនលំអៀង ចៀសវាងធ្វើខូចព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ ។
គួររំលឹកថា ចំពោះមន្ត្រីអាជ្ញាកណ្តាល និងមន្ត្រីចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា តែងតែធ្លាយរឿងអាស្រូវជាញឹកញយ ក្នុងសកម្មភាពកាត់សេចក្តីរបស់ពួគេ ។ ជាងនេះទៅ មន្ត្រីទាំងនោះ ហាក់មិនបានច្បាស់ផ្ទៃក្នុងមានទំនោរទៅរកម្ចាស់សង្វៀន ច្រើនជាងសហព័ន្ធ ព្រោះជាម្ចាស់លុយ បើមិនធ្វើតាមប្រឈមនឹងការបាត់បង់ផលប្រយោជន៍ប្រចាំសប្តាហ៍របស់ពួកគេ ដូច្នេះសម្តីរបស់ប្រធានសហព័ន្ធសាបជាងសម្តីអ្នកគ្រប់គ្រងសង្វៀនប្រដាល់នីមួយៗបន្តិច ៕ សារីម