ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀន៤នាក់នៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៣ឡើងតែម២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1G-8702 ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនល្មើសមានគ្នា៤នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ អ៊ុំ កុសល ហៅសុត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ជាមេក្លោង ពិការដៃទាំងសងខាង ទី២-ឈ្មោះ ឃ្លាំង ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ទី៣-ឈ្មោះ ម៉ិច រក្ស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់។ ជនល្មើសទាំង៣នាក់នេះមានទីលំនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល និងទី៤-ឈ្មោះ ម៉ិច សំអូន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានស្រុកកំណើតនៅភូមិដង្កោ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា ក្រុមជនល្មើសខាងលើនេះបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ដោយខុសច្បាប់អស់រយៈពេលជាច្រើនខែមកហើយ ។ លុះមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសឡើងទៅទិញគ្រឿងញៀនពីមេក្លោងធំនៅម្តុំផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពជួញដូរ ។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានចាំឃ្លាំមើល រហូតឈានដល់ឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួនជនល្មើសទាំង៤នាក់កំពុងធ្វើសកម្មភាពដកហូតវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសឈ្មោះ អ៊ុំ កុសល ហៅសុត បានសារភាពថា នៅមុនពេលចាប់ខ្លួនរូបគេនិងបក្ខពួកបានជិះម៉ូតូទៅទិញថ្នាំញៀនចំនួន០១កញ្ចប់ធំ ក្នុងតម្លៃ៤០ម៉ឺនរៀលពីជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ពេលយកមកដល់ផ្ទះខ្លួនបានរំលែកចេញជាកញ្ចប់តូចៗ ដើម្បីទុកសម្រាប់ជួញដូរទៅឲ្យអ្នកប្រើប្រាស់ ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕ ស្អាងជ័យ

abe abe-1


ចែករំលែក៖