ខេត្តតាកែវ៖ រដ្ឋបាលស្រុកគិរីវង់ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ បានចុះអន្តរាគមន៍សង្គ្រោះកម្មករ- កម្មការិនី ចំនួន ២៦នាក់ (ស្រី ២៤នាក់) ដែលបានដួលសន្លប់ជាបន្តបន្ទាប់ ខណៈកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ «ហ្គោលឌិនភីស» ស្ថិតក្នុងភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ នារសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។
ក្រោយទទួលបានព័ត៌មានភ្លាមៗ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានចុះសួរ សុខទុក្ខ និងណែនាំដល់ក្រុមគ្រូពេទ្យនៅមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការតាមដានស្ថានភាពអាការៈ និងព្យាបាលបងប្អូនកម្មករ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ទន្ទឹមនឹងនោះ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ ក៏បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះជួយសម្របសម្រួល និងដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។ បើតាមការសន្និដ្ឋានបឋមរបស់លោកអភិបាលស្រុក ករណីដួលសន្លប់នេះ គឺបណ្តាលមកពីអារម្មណ៍ភ័យស្លន់ស្លោតៗគ្នា (តក់ស្លុត)។
ដោយឡែក លោក ម៉ឹង វិរីយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក៏បានចុះសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីអនុញ្ញាតឱ្យកម្មករទាំងអស់សម្រាកការងារមួយរសៀលសិន។ ចំពោះកម្មករដែលដួលសន្លប់ទាំង ២៦នាក់ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលរហូតដល់សះស្បើយ ទើបត្រឡប់មកធ្វើការវិញ ដោយពុំមានការកាត់ប្រាក់ឈ្នួលឡើយ។
គួរបញ្ជាក់ថា រោងចក្រកាត់ដេរ «ហ្គោលឌិនភីស» មានកម្មករបម្រើការងារសរុបចំនួន ១,២៣៩នាក់ ហើយស្ថានភាពអ្នកដែលដួលសន្លប់ មកទល់ពេលនេះមានសភាពធូរស្រាល និងស្ថិតក្រោមការមើលថែយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យជំនាញ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច