ព័ត៌មានទាន់ហេតុការណ៍៖

បុរសចិនតៃវ៉ាន់ម្នាក់​ ត្រូវបានបាញ់សម្លាប់នៅក្រុងព្រះសីហនុដោយសង្ស័យថាជាករណីពាលស៊ីពាល

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ បុរសចិនតៃវ៉ាន់ម្នាក់ ត្រូវបានឃាតករបាញ់ប្រហារស្លាប់ភ្លាមៗនៅហ្នឹងកន្លែង កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦​ នៅលើផ្លូវស្ងាត់មួយ ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ។​ បុរសជាជនរងគ្រោះម្នាក់នេះ មានឈ្មោះ Lin Bingwen ហើយធ្លាប់ត្រូវបានប៉ូលិសកោះតៃវ៉ាន់ចេញដីកាតាមចាប់ខ្លួនផងដែរ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍​ បានឱ្យដឹងថា​ ករណីបាញ់ប្រហារសម្លាប់មនុស្សខាងលើនេះ​ បានកើតឡើងនៅលើផ្លូវស្ងាត់មួយ ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ហើយជនរងគ្រោះត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុ។​ ជនរងគ្រោះម្នាក់នេះ ធ្លាប់ត្រូវបានអាជ្ញាធរតៃវ៉ាន់ចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងសម្អាតប្រាក់។

បើតាមព័ត៌មានបឋម ករណីឃាតកម្មនេះត្រូវបានសង្ស័យថា អាចជាករណីពាលស៊ីពាល ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុ​ ពាក់ព័ន្ធនិងករណីនេះកំពុងបន្តស៊ើបអង្កេតដើម្បីបញ្ជាក់លម្អិតបន្ថែមទៀត៕ដោយ​៖តារា​


ចែករំលែក៖