ព័ត៌មានទាន់ហេតុការណ៍៖

ករណីធ្លាក់យន្តហោះយោធាកងទ័ពកូឡុំប៊ី ៦៦នាក់បានស្លាប់ ស្ថិតនៅក្បែរព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ

ចែករំលែក៖

អន្តរជាតិ៖ យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងដែលមានមនុស្ស ១២៨ នាក់ជិះនៅលើយន្តហោះ ដែលភាគច្រើនជាទាហាន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣ មីនាម្សិលមិញនេះ នៅទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្សអស់ ៦៦ នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស នេះបើយោងតាមប្រធានកងកម្លាំងប្រដាប់អាវុធកូឡុំប៊ី។ វីដេអូដែលបានចែករំលែកដោយកងទ័ពកូឡុំប៊ីបានបង្ហាញថា ឧត្តមសេនីយ៍ឯក Hugo Alejandro López Barreto និងមន្ត្រីផ្សេងទៀត បានទៅសួរសុខទុក្ខទាហានដែលរងផលប៉ះពាល់ពីគ្រោះថ្នាក់នោះ និងត្រូវបានផ្ទេរទៅកាន់កងវរសេនាធំផ្នែកសុខភាពយោធានៅទីក្រុង Bogota រួចរាល់ហើយ ។

លោកឧត្តមសេនីយ៍ឯក Hugo Alejandro López Barreto បាននិយាយថា បុគ្គលិកយោធាចំនួនបួននាក់នៅតែបាត់ខ្លួន។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួួដែលចេញផ្សាយដោយកងទ័ពកូឡុំប៊ីថា “វាជាគ្រោះអកុសល ជាលទ្ធផលនៃគ្រោះថ្នាក់ដ៏សោកនាដកម្មនេះ បានធ្វើឲ្យសមាជិកយោធារបស់យើងចំនួន ៦៦ នាក់បានស្លាប់”។ លោក Barreto បានបន្ថែមថា “នៅពេលនេះ យើងមិនមានព័ត៌មានឬការចង្អុលបង្ហាញអ្វីជាភស្តុងតាងណាមួយដែលថា វាជាការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់នោះទេ”។

ទីក្រុង Puerto Leguizamo មានទីតាំងស្ថិតនៅ Putumayo ដែលជាខេត្តជាប់តំបន់អាម៉ាហ្សូន ដែលមានព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ។ ថ្លែងចេញពីទីតាំងជាមួយលោក Barreto រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ី លោក Pedro Sánchez បានមានប្រសាសន៍ថា “ការស៊ើបអង្កេតនឹងត្រូវធ្វើឲ្យបាន ម៉ឺងម៉ាត់បំផុត និងមានតម្លាភាព ដែលវានឹងធ្វើឡើងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដែរ”។

លោកបានមានប្រសាសន៍ថា “ពួកយើងនឹងដឹងការពិតឆាប់ៗនេះ។ ដូច្នេះ ដំណើរការនេះត្រូវតែបន្តទៅមុខជាមួយនឹងការគោរពគ្នា សេចក្តីថ្លៃថ្នូរ និងការប្រុងប្រយ័ត្នខ្ពស់ចំពោះពេលវេលាដែលមានការទាមទារភាគច្រើននៅក្នុងប្រទេសនេះ”។ យន្តហោះនេះមានមនុស្សសរុបចំនួន១២៨ នាក់នៅលើយន្តហោះ ដោយ១១៥ នាក់មកពីខាងកងទ័ព សមាជិកក្រុមអាកាសយានិក១១ នាក់ និង ២នាក់មកពីខាងប៉ូលីសជាតិ។ លោក Baretto បាននិយាយថាមនុស្សចំនួន៥៧ នាក់ត្រូវបានជម្លៀសចេញទាន់ពេលវេលា៕

ដោយ៖តារា


ចែករំលែក៖