ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្រោយរថយន្តមិនស្គាល់ម៉ាកបុកអូសជាង ៣០ម៉ែត្រ រួចបើករត់គេចតាមផ្លូវក្រវាត់ក្រុងទី៣

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងបុកពីក្រោយ និងកិនអូសជាច្រើនម៉ែត្ររួចបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង ១៩និង៥០នាទីយប់ ថ្ងៃទី២៤ មីនា ២០២៦ នៅលើមហាវិថីក្រវាត់ក្រុងទី៣ ត្រង់ចំណុចជិតបឹងត្នោត ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេន វិវត្ស ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរជាកម្មករ មានស្រុកកំណើតនៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងបច្ចុប្បន្នជួលផ្ទះស្នាក់នៅជាមួយប្រពន្ធក្នុងសង្កាត់តាខ្មៅ។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម (C125) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JH-6300 ដោយមិនមានពាក់មួកសុវត្ថិភាព ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ពីទួលក្រសាំងឆ្ពោះទៅសិត្បូ)។

ប្រភពដដែលបានបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានជែងរថយន្ត ១គ្រឿង នៅខាងមុខ (វ៉ាខាងឆ្វេង)។ ស្របពេលនោះ ក៏ស្រាប់តែមានរថយន្ត ១គ្រឿងទៀត មិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរស្របទិសគ្នា បានមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង រួចកិនអូសទាំងមនុស្ស និងម៉ូតូប្រមាណ ៣០ម៉ែត្រ ទើបរបូតជនរង គ្រោះចេញពីក្រោមរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ។ ចំណែកឯម៉ូតូ ត្រូវបានរថយន្តបង្កបន្តអូសរហូតដល់ចម្ងាយ ៨០ម៉ែត្រ ទើបរបូតចេញរងការខូចខាតយ៉ាង ធ្ងន់ធ្ងរ រីឯតៃកុងបានបន្ថែមល្បឿនបើករថយន្តរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានពិនិត្យរកឃើញអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដៃរបស់ជនរង គ្រោះ ទើបទំនាក់ទំនងផ្តល់ដំណឹងដល់ប្រពន្ធឲ្យមកទទួលសព។ បន្ទាប់មក សមត្ថកិច្ចបានរៀបចំលើកសពជនរងគ្រោះដាក់លើរថយន្តសាមុយរបស់មណ្ឌល សុខភាពសិត្បូ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីផ្លាស់ប្តូរឡើងរថយន្តសាមុយរបស់មន្ទីរពេទ្យ ដឹកបន្តយកទៅកាន់ស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញារថយន្តបង្ក ដើម្បីតាមចាប់ខ្លួនតៃកុងយកមកផ្តន្ទាទោសតាមច្បាប់៕


ចែករំលែក៖