ខេត្តកណ្តាល៖ ទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែងដែលលាក់ខ្លួនយ៉ាងកំបាំងនៅ ក្នុងព្រៃ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំចុះបង្ក្រាបរត់បាតជើងសព្រាត ដោយឃាត់ខ្លួនអ្នកលេងបាន៣ នាក់ និងដកហូតម៉ូតូ ៥គ្រឿង ព្រមទាំងមាន់ជល់ ២ ក្បាល កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី ២៥ មីនា ២០២៦ ស្ថិតនៅដីព្រៃខាងក្រោយភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកលេងល្បែងទាំង ៣នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន÷ទី១ឈ្មោះ ហុង ធិន ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២ឈ្មោះខ្លង ចំរើនភេទប្រុស, អាយុ ៣៥ឆ្នាំនិងទី៣ឈ្មោះភិរុណ ពន្លឺ ភេទប្រុស អាយុ ១៦ឆ្នាំ។ អ្នកទាំងបីមានមុខរបរជាកសិករ រស់នៅភូមិក្បាលកោះធំ និងមានលទ្ធផលអវិជ្ជមានសារធាតុញៀនដូចគ្នា។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ ៥គ្រឿង,ទូរស័ព្ទដៃ៣គ្រឿង, មាន់ជល់ ២ក្បាល, ជញ្ជីងថ្លឹងមាន់ ១គ្រឿង, ប្រាក់ ៥០០០០រៀល និងសម្ភារៈសម្រាប់តខ្នាយមាន់មួយចំនួន។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាប គឺមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកាន់សមត្ថកិច្ចថា មានក្រុមអ្នកញៀនល្បែងលួចបើកវង់ជល់មាន់នៅចំណុចដីព្រៃខាងលើ។ ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការបានបញ្ជាផ្ទាល់ឲ្យកម្លាំងផ្នែកជំនាញស្រុកចុះទៅបង្ក្រាបដល់ទីតាំងកើតហេតុ។ ពេលសមត្ថកិច្ចចុះទៅដល់ ក្រុមអ្នកលេងជាច្រើននាក់បានផ្អើលនាំគ្នារត់គេចខ្លួនចូលព្រៃបាត់ស្រមោល ដោយសមត្ថកិច្ចក្របួចបានតែ ៣នាក់ ព្រមទាំងរឹបអូសវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុតែម្តង។
នៅចំពោះមុខសមត្ថកិច្ច អ្នកទាំង ៣នាក់ បានសារភាពថា ពួកគេពិតជាបាននាំគ្នាមកចូលរួមលេងល្បែងជល់ មាន់នៅទីតាំងខាងលើនេះប្រាកដមែន។ បច្ចុប្បន្ន មនុស្សទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច