ខេត្តបន្ទាយមានជ័យ៖ កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
សមត្ថកិច្ចបន្តថា:នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ១-ឈ្មោះ អៀវ ភិរម្យ ហៅ យ៉ា ភេទ ប្រុស អាយុ ៣១ឆ្នាំ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ វឹង យ៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ៣-ឈ្មោះ វឹង ប៊ុនយ៉ាវ ហៅ ប៉ូយ ភេទប្រុស អាយុ ២៤ឆ្នាំ(ប្រើប្រាស់), ៤-ឈ្មោះ ហ៊ី លីហៀង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ(ប្រើប្រាស់), ៥-ឈ្មោះ ហួត ដាណេ ហៅ ដា ភេទប្រុស អាយុ ២១ឆ្នាំ(ប្រើប្រាស់)។ ក្នុងប្រតិបត្តិការ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន១៤កូនថង់កិប ទម្ងន់ ៨,១៤ក្រាម (ថ្លឹងទាំងសម្បកថង់), ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន០៥គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច