ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា រួមទាំងក្នុងវិស័យទឹកស្អាត។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។
– សម្តេចធិបតី ថ្លែងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសីថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបង្កើនសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ២២.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០ គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន ៧.៣៧៨ គ្រួសារបន្ថែមទៀត រួមទាំងពលរដ្ឋងាយរងគ្រោះចំនួន ៣៧៥ គ្រួសារផងដែរ។
-សម្តេចធិបតី ថ្លែងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងហេដ្ឋារចនាសម្ព័ន្ធថ្មីនៅខេត្តស្វាយរៀងទាំងនេះ នឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្រប ដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន (ក្រុងស្វាយរៀង និងឃុំចំនួន៥នៃស្រុកស្វាយជ្រំ) ពី៣២% ទៅ ៥៨%។
– សម្ដេចធិបតី ថ្លែងថា សក្ដានុពលនៅខេត្តស្វាយរៀង ក្រៅពីវិស័យកសិកម្ម ក៏មានវិស័យឧស្សាហកម្មជាវិស័យដែលជាវិស័យដ៏មានសក្ដានុពលនាពេលខាងមុខ ដោយសម្ដេចមើលឃើញថា រយៈពេលប្រមាណ២០ឆ្នាំខាងមុខ ខេត្តនេះនឹងក្លាយជាខេត្តដ៏មានសក្ដានុពលររបស់កម្ពុជាជួយដល់សេដ្ឋកិច្ចជាតិ។
– សម្ដេចធិបតី ថ្លែងថា បានកោតសរសើរចំពោះរដ្ឋបាលខេត្តស្វាយរៀងចំពោះការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលើការបោសសម្អាតបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាពដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋ។
– សម្ដេចធិបតី ថ្លែងថា ថ្ងៃខាងមុខសម្ដេចចង់ឱ្យខេត្តនីៗរបស់កម្ពុជាធ្វើការប្រកួតប្រជែង នៃកំណើនផលិតផលសរុបក្នុងខេត្តនីមួយៗ (GDP) ដើម្បីបង្កើនការអភិវឌ្ឍដោយផ្ទាល់នៅក្នុងខេត្ត។
– សម្តេចធិបតី ថ្លែងបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែង។ សម្តេចបានលើកឡើងថា៖ «ទឹកស្អាតគឺជាប្រភពនៃសុខុមាលភាព និងបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ជាមួយគ្នានេះ ទឹកស្អាតក៏ជាប្រភពនៃការផលិតទំនិញ និងម្ហូបអាហារដ៏សំខាន់ផងដែរ»។
– សម្ដេចធិបតី ថ្លែងថា ទឹកស្អាតគឺជាប្រភពនៃសុខុមាលភាព និងបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយសុខភាពរបស់ប្រជាពលរដ្ឋគឺជាសុខភាពរបស់ជាតិរយៈពេលវែង។
– សម្ដេចធិបតី ថ្លែងថា ទន្ទឹមនឹងការសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន ២៨.៦៦០ គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។
បើតាមលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងទ្វេដងពី ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ជាង ១,៥៧ លានគ្រួសារក្នុងឆ្នាំ២០២៥។
លោក ហែម វណ្ណឌី បានបន្តថា កម្ពុជាបាននិងកំពុងទទួលការគាំទ្រជាជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាបន្តបន្ទាប់ ដើម្បីរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្ដល់សេវាប្រកបដោយនិរន្តរភាព និងគុណភាព សម្រាប់ប្រជាជន និងតំបន់រោងចក្រ សហគ្រាស អាជីវកម្ម នៅតាមបណ្តារាជធានី-ខេត្ត។
នាឱកាសនោះដែរ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តគាំទ្ររបស់ប្រទេស ជប៉ុនចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងការពង្រីកបទពិសោធន៍ជោគជ័យនៃការអភិវឌ្ឍវិស័យទឹកស្អាតក្នុងរាជធានីភ្នំពេញ។
លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលើកឡើងថា រដ្ឋាភិបាលជប៉ុននឹងបន្តពង្រីក «ភ្នំពេញអច្ឆរិយៈ» ទៅកាន់តំបន់ផ្សេងទៀត។ ការសាងសង់រួចរាល់នូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្វាយរៀងជាមួយនឹងការធ្វើប្រតិបត្តិការដោយរដ្ឋាករទឹកស្វាយរៀង តំណាងឱ្យវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវការពង្រីកគំរូជោគជ័យរបស់រាជធានីភ្នំពេញ។
លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះការបោសសម្អាតបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ក្នុងនោះប្រទេសជប៉ុន ជាមួយបណ្ដាមិត្តអន្តរជាតិដទៃទៀតបានសហការយ៉ាងខ្លាំងលើការងារប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច