ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាបានដឹកនាំយុវជនមកពីគណបក្សផ្សេងទៀត និងអង្គការសង្គមស៊ីវិល ចូលរួមកម្មវិធីស្វែងយល់អំពីនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសជប៉ុន

ចែករំលែក៖

ជប៉ុន៖ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្នុងនាមតំណាងយុវជនគណបក្សប្រជាជនកម្ពុជាចូលរួមកម្មវិធីស្វែងយល់អំពីនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសជប៉ុន (JENESYS Cambodia-Japan Young Politics-Oriented Exchange) ក្រោមកិច្ចសម្របសម្រួលពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ម៉ុង ឡាមី (ប្រធានប្រតិភូ) និងលោក តេង ច័ន្ទគរុរដ្ឋា ត្រូវបានទទួលការចាត់តាំងដោយភាគីជប៉ុន ដឹកនាំប្រតិភូយុវជន មកពីគណបក្សនយោបាយនៅកម្ពុជាដែលមានឈ្មោះក្នុងបញ្ជី គ.ជ.ប និងអង្គការសង្គមស៊ីវិល១ សរុបចំនួន ១០រូប ចូលរួមកម្មវិធីខាងលើនេះ។

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និង ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីលើកកម្ពស់នៃការសិក្សាស្វែងយល់អំពីប្រទេសជប៉ុនរួមមាន ៖ ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធបោះឆ្នោតនៅសភាជាន់ខ្ពស់ សភាជាន់ទាប រាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ និងដំណើរការបោះឆ្នោត (រាប់តាំងពីការឈរឈ្មោះ យុទ្ធនាការឃោសនា ការបោះឆ្នោត ការដឹកជញ្ជូនសន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល) ព្រមទាំងស្វែងយល់អំពី  វប្បធម៌ ប្រពៃណី ទេសចរណ៍ និងការអភិវឌ្ឍប្រទេសជប៉ុនផងដែរ ។

ប្រតិភូយុវជន ក៏បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ Ayano Kunimitsu អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោកជំទាវ Yuko Obuchi សមាជិកសភា និងជាប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន ព្រមទាំងទទួលជំនួបពិសាអាហារពេលល្ងាចជាមួយ ឯកឧត្តម Tomoaki Shimada អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនផងដែរ ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ប្រតិភូយុវជនទទួលបាននូវសារចូលរួមរំលែកទុក្ខរបស់ភាគីជប៉ុនជូនដល់ជនរងគ្រោះដោយសង្រ្គាមឈ្លានពាននាពេលថ្មីៗនេះ ការបេ្តជ្ញាបន្តចូលរួមជួយដល់ជនភៀសសឹក គ.ជ.ប និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងបានបង្ហាញអំពីតួនាទីដ៏សំខាន់និងយូរអង្វែងរបស់ប្រទេសជប៉ុននៅលើឆាកអន្តរជាតិ ក្នុងការរក្សានិងកសាងសន្តិភាពលើពិភពលោក និងតំបន់ ជាពិសេសកម្ពុជា។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចនេះបានជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងរាស្រ្ត អ្នកនយោបាយជប៉ុន ជាមួយយុវជនតំណាងគណបក្សនីមួយៗពីកម្ពុជា ព្រមទាំងបានផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកអំពីការកសាងប្រទេសជាតិ ដោយផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៕

ដោយ : សិលា


ចែករំលែក៖