ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលផ្នែកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី 27 ខែមីនានេះថា មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មនុស្សរងរបួសមុនស្រាល២នាក់នាក់ ហើយសត្វគោបានងាប់ចំនួន៦ក្បាល ខណៈដារថយន្តដឹកគោបុកគោយន្តកន្ត្រៃដឹកអុស រេចង្កូតទៅបុករថយន្តដឹកជី១គ្រឿងផ្សេងទៀតពេញទំហឹង។
ហេតុការណ៍រថយន្តបុកបណ្ដាលឲ្យមានស្លាប់ពីរនាក់និង រងរបួសធ្ងន់ស្រាលចំនួន២នាក់ ហើយសត្វគោងាប់៦ក្បាល បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៦-ទៅលេខ០៧ ត្រង់ចំណុចភូមិដំណាក់ព្រីង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
នគរបាលក្រុងឧដុង្គម៉ែជម៉ែប្រាប់ថា រថយន្តនិងគោយន្តខាងលើ រួមមាន រថយន្ដ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខចង្កូតស្ដាំKDL-0429(មានដឹកសត្វគោចំនួន៦ក្បាល) អ្នកបើកបរឈ្មោះជា សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរ១នាក់ឈ្មោះមាន សាវើយ ភេទប្រុស អាយុ៤០ឆ្នាំ ។
គោយន្ដកន្ត្រៃ១គ្រឿង មិនស្គាល់ម៉ាក មានដឹកអុសពុះរួចហើយចងបាច់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចក្រោយកើតហេតុរួច ។
រថយន្ដ ០១គ្រឿង ម៉ាកHYUNDAI ពណ៌ខៀវ-លាយស ពាក់ផ្លាកលេខកំពង់ចាម3B-4623 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ចាម4A-2335(មានដឹកជី) អ្នកបើកបរឈ្មោះប៉ុល សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិអូរតាប៉ាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ១នាក់ឈ្មោះតុន ពីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
នគរបាលក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងបន្តថា នៅមុនពេលកើតហេតុ មានរថយន្ដ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស មានដឹកសត្វគោចំនួន៦ក្បាល បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥១ ពីទិសខាងជើងទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចខាងមលើ បានឡើងវ៉ាប្រជែងទៅប៉ះគោយន្ដកន្ត្រៃ ១គ្រឿង មានដឹកអុស ដែលកំពុងតែបើកបរស្របទិសគ្នា ហើយរថយន្ដក៏បានរេចង្កូតទៅបុករថយន្ដ ០១គ្រឿង ម៉ាកHYUNDAI ពណ៌ខៀវ-លាយស មានដឹកជី ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បបណ្ដាលឲ្យស្លាប់មនុស្ស២នាក់នៅកន្លែងកើតហេតុ គឺ(ឈ្មោះមាន សាវើយ និងឈ្មោះប៉ុល សីហា) រងរបួសធ្ងន់១នាក់ ឈ្មោះជា សុខា និងរងរបួសស្រាល ១នាក់ឈ្មោះតុន ពីន ព្រមទាំងងាប់សត្វគោ ចំនួន៦ក្បាល។
នគរបាលក្រុងឧដុង្គម៉ែជ័យបានឲ្យដឹងទៀតថា ក្រោយកើតហេតុក៏បានជំនាញបានជាប់ធ្វើការវាស់វែង រងការខូចខាត រថយន្តចំនួន០២គ្រឿងកម្រិតធ្ងន់។
ចំណែកសពជនរងគ្រោះ ផ្នែកជំនាញកំពុងតែស្រាវជ្រាវ និងទាក់ទងរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះអ្នករងរបួសត្រូវបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ដោយឡែកវត្ថុតាងរថយន្ដទាំង ០២គ្រឿង, សត្វគោចំនួន៦ក្បាល និងអុសពុះហើយ ផ្នែកជំនាញកំពុងតែចាត់ចែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យបណ្ដោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច