ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបជនជាតិបរទេស ត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន សមត្ថកិច្ចរុញដាក់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស២នាក់ មិនបានសម្រេច ហើយដួលម៉ូតូត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែនៅពេលចាប់បានហើយ បែរជាសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី៣ និងប៉ុស្តិ៍បឹងរាំង រុញដាក់គ្នាទៅវិញទៅមក រឿងទឹកដីជាប់គ្នា ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២០០ ស្ថិតក្នុងផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះដើរបណ្ដើរគ្នាតាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកែងនឹងផ្លូវលេខ២០០ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១FQ ១៣៣០ ជិះមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយនឹងស្មារ ពេលនោះ ជនរងគ្រោះក៏បានទាញមកវិញបណ្តាលឲ្យជនសង្ស័យទាំង២នាក់ដួលម៉ូតូ ។

ប្រភពបានបន្តថា បន្ទាប់ពីដួលម៉ូតូ ជនសង្ស័យទាំង២នាក់បានព្យាយាមរត់ចោលម៉ូតូបំណងគេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញ និងស្ទាកចាប់បានទាំង២នាក់ និងវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន និងរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅពេលប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចហើយ បែរជាសមត្ថកិច្ចប៉ុស្តិ៍បឹងរាំង និងប៉ុស្ដិ៍ផ្សារថ្មី៣ រុញគ្នាទៅវិញទៅមក ដោយមុនដំបូងដឹកយកជនសង្ស័យ និងជនរងគ្រោះទៅប៉ុស្តិ៍បឹងរាំង តែសមត្ថកិច្ចប៉ុស្តិ៍បឹងរាំងបាននិយាយថា ជាទឹកដី ប៉ុស្ដិ៍ផ្សារថ្មី៣ ហើយពេលដឹកជនសង្ស័យ និងជនរងគ្រោះទៅប៉ុស្តិ៍ផ្សារថ្មី៣ សមត្ថកិច្ចប៉ុស្តិ៍ថាទឹកដីបឹងរាំង ។ មួយសន្ទុះក្រោយមក ទើបសមត្ថកិច្ចដឹកជនរងគ្រោះទាំង២នាក់មកចង្អុលកន្លែងកើតហេតុ ថា ជាទឹកដីរបស់ប៉ុស្តិ៍ផ្សារថ្មី៣ ទើបទទួលពាក្យបណ្តឹជនរងគ្រោះ ។

គួរបញ្ជាក់ថា នៅពេលកើតមានឡើងករណីអ្វីមួយសមត្ថកិច្ចមូលដ្ឋាន តែងតែបញ្ចាំគ្នាទៅវិញទៅមក ដោយថា ទឹកដីអ្នកនេះ អ្នកនោះ និងរុញដាក់គ្នាទៅមក ជាក់ស្តែងករណីខាងលើ ប្រជាពលរដ្ឋដេញចាប់បានហើយ នៅឆ្លើយដាក់គ្នាទៀត ៕ ព្រែកជ័យ

ff 2 3 4


ចែករំលែក៖