កាលពីថ្ងៃទី១៦ ខែតុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចិនក្នុងសប្តាហ៍នេះ គឺជាការបើកទំព័រសក្ករាជ្យថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី ក្រោយរង្គោះរង្កើរដោយសារវិវាទ និងការប្តឹងផ្តល់របស់ហ្វីលីពីនទៅលើតុលាការអន្តរជាតិ ។ បើទោះបីបែបណាក្តី ហ្វីលីពីនមិនផ្លាស់ប្តូរឡើយពីវិវាទសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីហ្វីលីពីន លោកឌូទឺទេ បានឲ្យដឹងថា លោកនឹងលើកឡើងពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ហើយនឹងមិនធ្វើអ្វីហួសពីច្បាប់អន្តរជាតិ នឹងបោះបង់អធិបតេយ្យឡើយ ។
លោកឌូទឺទេរ ក៏បានទទួលស្គាល់ថា នៅក្នុងប្រទេសហ្វីលីពីន ពលរដ្ឋមានការព្រួយបារម្ភពីការចូលកៀកចិនយ៉ាងឆាប់រហ័សពេក ។ ទាំងនោះហើយ បានជាលោកធានាដល់ពលរដ្ឋថា នៅក្នុងការបង្កើនទំនាក់ទំនងជាមួយចិន មិនបានប៉ះពាល់ដល់ដែនអធិបតេយ្យរបស់ហ្វីលីពីននៅសមុទ្រចិនភាគខាងត្បូងឡើយ ។
លោកឌូទឺរទេ បានបានបញ្ជាក់ទៀតថា ការសម្រេចរបស់តុលាការអាជ្ញាកណ្តាល នឹងត្រូវបានលើកឡើងពិភាក្សាជាមួយមេដឹកនាំចិន ។ ប៉ុន្តែមិនផ្តោតធ្ងន់ទៅលើសមុទ្រចិនខាងត្បូងនោះឡើយ។
ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោល និងថ្កោលទោសទៅលើប្រទេសណាមួយ ដែលបានស្នើដល់ចិន គោរពច្បាប់អន្តរជាតិ ។
លោកឌូទឺទេ នឹងដឹកនាំគណៈប្រតិភូដែលមានអ្នកជំនួញអ្នកនយោបាយសំខាន់ៗរបស់ហ្វីលីពីនប្រមាណ ២០០នាក់ទៅកាន់ប្រទេសចិន ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងពេលដែលមានទំនងល្អក់កករជាមួយអាមេរិក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នេះជាគោលនយោបាយឆ្លាតវៃរបស់ប្រធានាធិបតីហ្វីលីពីន នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រសិនបើលោកមិនធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ទៅជាមួយអាមេរិកនោះទេ ប្រាកដជាមិនទទួលបានលទ្ធផលល្អជាមួយចិននោះឡើយ នៅពេលទស្សនកិច្ច ។ ចំណុចទាំងនោះ ទើបលោក បង្ខំចិត្តផ្អាក់សកម្មភាពជាមួយអាមេរិកជាបណ្តោះអាសន្ន ។
ជាមួយគ្នានោះដែរ ចិនបានបង្ហាញការគាំទ្រ ដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងពេលដែលប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកជាដើមបានថ្កោលទោសយ៉ាងខ្លាំង ដោយសារតែបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការ ៕ ម៉ែវ សាធី