ខេត្តកណ្ដាលៈ ជនមិនស្គាល់មុខអាចមានគ្នាចាប់ពី២នាក់ឡើងទៅ បានប្រើវត្ថុរឹងវាយបំបាក់កបុរសម្នាក់ បណ្ដាលឲ្យស្លាប់រួចដឹកសាកសពយកទៅទម្លាក់ទឹកទន្លេក្នុងគោលបំណងបំបិតភស្ដុតាង រហូតសាកសពជនរងគ្រោះអណ្ដែតទៅទើរនៅភូមិសាស្រ្ដស្រុកកោះធំទើបមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេបាសាក់ត្រើយខាងលិច ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
សាកសពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតផ្កាប់មុខលើផ្ទៃទឹកទន្លេបាសាក់ ទើបប្រជាពលរដ្ឋរាយការណ៏ប្រាប់សមត្ថកិច្ចនគរបាល ។
បន្ទាប់ពីទទួលព័ត៌មានសមត្ថកិច្ចបានចុះទៅពិនិត្យរកឃើញទូរស័ព្ទដៃនៅក្នុងហោប៉ៅជនរងគ្រោះ ទើបសមត្ថកិច្ចទំនាក់ទំនងតាមលេខទូរស័ព្ទដែលជាប់នៅក្នុងស៊ីម រហូតតេចូលឈ្មោះ ហោ ឆៃអ៊ូ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលអូរ ឃុំកូ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដែលត្រូវជាបងបង្កើតជនរងគ្រោះខាងលើនេះ ។ សាកសពជនរងគ្រោះមានសភាពហើមរលួយ របកស្បែកពិបាកក្នុងការពិនិត្យ ។ ទោះជាយ៉ាងណាសមត្ថកិច្ចរកឃើញថា នៅលើគល់កផ្នែកខាងឆ្វេងសាកសពជនរងគ្រោះមានស្នាមហើមជាំអាចប៉ះដោយវត្ថុរឹង រីឯកទន់អាចបង្វិលបាន(បាក់.ក) ។ តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ក្នុងអំពើឃាតកម្មវាយសម្លាប់រួចយកសាកសពទម្លាក់ទឹកទន្លេ ។
បងប្រុសជនរងគ្រោះឈ្មោះ ហោ ឆៃអ៊ូ បានប្រាប់សមត្ថកិច្ចថា សាកសពអណ្ដែតទឹកនេះត្រូវជាប្អូនបង្កើតរបស់ខ្លួន ឈ្មោះ ហោ ឆៃអ៊ីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលអូរ ឃុំកូ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប្អូនប្រុសរបស់លោកបានជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម 1K-0194 ចេញពីលំនៅដ្ឋានឯខេត្ដត្បូងឃ្មុំឆ្ពោះទៅរកការងារធ្វើនៅរាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី១៣ ខែឆ្នាំដដែល ប្អូនប្រុសរបស់ខ្លួនបានតេទូរស័ព្ទប្រាប់ថា គេទៅដល់ភ្នំពេញហើយបើចង់យកម៉ូតូមកយកនៅភ្នំពេញចុះ ។
បងប្រុសជនរងគ្រោះបានបន្ដទៀតថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ខ្លួនបានជិះរថយន្ដឈ្នួលពីខេត្ដត្បូងឃ្មុំទៅយកម៉ូតូពីប្អូននៅរាជធានីភ្នំពេញ ខណៈទៅដល់ទំនាក់ទំនងទូរស័ព្ទទៅប្អូនប្រុសមិនចូលសោះ ។ លុះដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ទើបទទួលបានព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកកោះធំតាមលេខទូរស័ព្ទរបស់ប្អូនប្រុសថាបានប្រទះឃើញសាកសព ។ ពេលទៅដល់ទើបដឹងថា សាកសពដែលប្រទះឃើញនោះគឺជាប្អូនប្រុសបង្កើតរបស់ខ្លួន ។
ប្រភពក្រៅផ្លូវការមួយបានបង្ហើបឲ្យដឹងថា ជនរងគ្រោះអាចត្រូវក្រុមចោរឬអ្នកស្គាល់គ្នាវាយសម្លាប់ដើម្បីប្លន់យកម៉ូតូ ដើម្បីបង្វែងដានទើបឃាតករយកសាកសពជនរងគ្រោះទម្លាក់ចូលទៅក្នុងទឹកទន្លេតែម្ដង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវបន្ថែមទៀតជុំវិញករណីខាងលើនេះ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ