ព័ត៌មានទាន់ហេតុការណ៍៖

ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ដោយសារតែលួចមានទំនាក់ទំនងជាមួយនារីក្មេងៗ ហើយពេលខ្លះដោះស្បង់ជីវរ ណាត់ជួបស្រីស្នេហ៍រហូតមានកូនថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ករណីចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ ស្ថិតនៅចំណុចវត្តពោធិ៍វាល ក្រុងបាត់ដំបង ត្រូវបានអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ ជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យ នាំខ្លួន លេខ ៤១៦ (ដ-០-ន) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជាមួយគ្នានេះជនត្រូវចោទបានប្រព្រឹត្តខុសវិន័យសង្ឃបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួន ជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីវរណាត់ ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង។

សូមបញ្ជាក់ថា ៖ ការចាប់ខ្លួនជនត្រូវចោទ ខាងលើគឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយផ្អែក លើអង្គហេតុ និងអង្គច្បាប់ព្រមទាំងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលរាល់ ការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនតូច ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមចោទសមត្ថកិច្ចថាការ អនុវត្តន៍ច្បាប់ទៅលើជនត្រូវចោទជាការរំលោភបំពានសិទ្ធិសេរីភាព ដែលខ្លឹមសារនៃការចោទប្រកាន់បែបនេះគឺ គ្មានមូលដ្ឋានច្បាស់លាស់ដោយមិនផ្អែកលើអង្គហេតុពិតប្រាកដ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការ និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ។

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា

 


ចែករំលែក៖