ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបមេខ្លោងចែកចាយ ជួញដូរនិងកែច្នៃគ្រឿងញៀនជនជាតិវៀតណាមចំនួន៣នាក់ ដោយរឹបអូសបានគ្រឿងញៀនសរុបជាង១០គីឡូក្រាមនៅក្រុងបាវិត។
ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី សុ៊ន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក កែច្នៃនិងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
ក្នុងនោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ (ស្រីម្នាក់) រួមមាន ទី១-ឈ្មោះ ង្វៀង ហ្វឹកហ្វី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម, ទី២-ឈ្មោះ ង្វៀង ថេយី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម និងទី៣-ឈ្មោះ ប៊ួយ មិញធួ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម។ ដកហូតសម្ភារៈវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់១០គីឡូក្រាម៣២៨.៧៩ក្រាម ក្នុងនោះ៖
-ថ្នាំញៀនប្រភេទ កេតាមីន ទម្ងន់៧គីឡូ៧៣៤.៨៥ក្រាម
-ថ្នាំញៀនប្រភេទ MDMA ទម្ងន់២គីឡូ៥៩៣.៥៥ក្រាម
-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់០.៣៩ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទដៃ៨គ្រឿង,
-រថយន្ត១គ្រឿង
-លិខិតឆ្លងដែន២ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាម១សន្លឹក ព្រមទាំងម៉ាសុីនសម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច