ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសទី៣ របស់យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។

នៅក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ ក៏បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងនឹងបំពេញបេសកកម្មនៅទិសទី៣ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤។

ជាមួយគ្នានោះផងដែរ លោក ក៏បានពាំនាំនូវការកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានខិតខំ ពុះពារគ្រប់បែបយ៉ាងក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងក្នុងរយៈពេលកន្លងមក ដែលជាស្នាដៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។

ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនោះ លោក ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់បណ្តាអង្គភាពនៅទិសទី៣ របស់យោធភូមិភាគទី៤ នូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ៕

ដោយ៖តារា


ចែករំលែក៖