ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានទទួលជួបឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការរឹតចំណងមិត្តភាព និងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកស្រីឯកអគ្គរដ្ឋទូត Milena Caridad Zaldivar Piedra បានលើកឡើងពីឆន្ទៈនយោបាយរឹងមាំរបស់គុយបា ក្នុងការពង្រឹងទំនាក់ទំនងដែលមានប្រវត្តិយូរអង្វែងជាមួយកម្ពុជា និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ខណៈប្រទេសទាំងពីរនឹងឈានដល់ខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូត លោកស្រីបានស្នើប្រែក្លាយទំនាក់ទំនងនេះ ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្តោតលើវិស័យឧស្សាហកម្ម ការស្រាវជ្រាវ និងនវានុវត្តន៍។
លោក ហែម វណ្ណឌី បានស្វាគមន៍សំណើនេះ និងបានជម្រាបជូនពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយផ្តោតលើកសិឧស្សាហកម្ម និងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណើរឆ្ពោះទៅការសម្រេចចក្ខុវិស័យ ២០៥០។
លោករដ្ឋមន្ត្រី បានកោតសរសើរសមត្ថភាពរបស់គុយបា ក្នុងវិស័យវិទ្យាសាស្ត្រអាហារ និងបច្ចេកវិទ្យាជីវសាស្ត្រ រួមទាំងសមត្ថភាពផលិតវ៉ាក់សាំង ព្រមទាំងបានស្នើឱ្យមានកិច្វសហការជិតស្និទ្ធលើការស្រាវជ្រាវ និងអភិវឌ្ឍន៍រួម តាមរយៈការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា គុយបាត្រៀមខ្លួនចែករំលែកបទពិសោធន៍ពីប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្ររបស់ខ្លួន និងសហការជាមួយកម្ពុជា ព្រមទាំងបានអញ្ជើញកម្ពុជាចូលរួមក្នុងវេទិកាអន្តរជាតិនានាដែលគុយបានឹងរៀបចំ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច