ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា តវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីកម្ពុជា ក្នុងភូមិសាស្ត្រភូមិជោគជ័យ ច្រកអូរស្មាច់ និងអន្លង់វែង

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា បានតវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, ច្រកអូរស្មាច់ និងស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពឯកតោភាគីរបស់ថៃនេះ គឺជាការប៉ុនប៉ងខុសច្បាប់ ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង (FaitAccompliontheground) និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)នៃប្រទេសទាំងពីរនៅតាមបណ្ដោយព្រំដែននៃផ្នែកនេះ។

លើសពីនេះនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿងត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។

នៅថ្ងៃនោះដែរកងកម្លាំងប្រដាប់អាវុធថៃបានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ធ្វើសកម្មភាពឈូសឆាយដីនៅជិតបង្គោលព្រំដែនលេខ២(បច្ចុប្បន្ន)ក្នុងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា សកម្មភាពទាំងនេះ មិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថាជាការអនុវត្តតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះឡើយ។

សកម្មភាពទាំងនោះ គឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការបន្ថយភាពតានតឹងដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមនាថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ព្រមទាំងកាតព្វកិច្ចនិងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែនឬការទាមទារដែនដីណាមួយដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។

ក្រសួងការបរទេសកម្ពុជា បានអះអាងជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដែរស្របតាមច្បាប់អន្តរជាតិដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕

ដោយ៖តារា


ចែករំលែក៖