ព័ត៌មានទាន់ហេតុការណ៍៖

ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ ចូលរួមមកពីខេត្តកំពង់ស្ពឺ កណ្តាល និងភ្នំពេញ គោ៨០នឹម នឹមតូច៥០ និងនឹមធំ៣០

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គោ៨០នឹម នឹមតូច៥០ និងនឹមធំ៣០ មកពីខេត្តកំពង់ស្ពឺ កណ្តាល និងភ្នំពេញ ចូលរួមពិធីប្រណាំងរទេះសាឡីគោលឿន ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺដែលដូនតារបស់ខ្មែរបានបន្សល់ទុក និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សូមបញ្ជាក់ថា ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ស្ពឺ និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នេះឡើងដើម្បីចូលរួមថែរក្សាការប្រណាំងរទេះគោបែបប្រពៃណីរបស់ប្រជាជនក្នុងតំបន់ និងការពារអត្តសញ្ញាណ វប្បធម៌ខ្មែរ។

បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះ ដើមឡើយរទេះសាឡីគោ គឺប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ។ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖