ព័ត៌មានទាន់ហេតុការណ៍៖

Update កម្លាំងនគរបាលចាប់ជនដៃដល់ និងបក្ខពួកសរុប៣ នាក់ ករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរៈភូមិន្ទ

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៦ កម្លាំងនគរបាលចេញប្រតិបត្តិការ តាមចាប់ជនសង្ស័យពាក់ ព័ន្ធករណីឃាតកម្មនៅក្រុងខេមរៈភូមិន្ទបានចំនួន ៣ នាក់។ ជនសង្ស័យកំពុងត្រូវបានសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។

ប្រភពមន្ត្រីនគរបាលបានឲ្យដឹងថា អនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កោះកុង, កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានស្រាវជ្រាវបំបែកសំណុំរឿងឃាត់កម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនដៃដល់ និងបក្ខពួកសរុប៣នាក់។ 

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥៖២៥នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំងចំនួន៣នាក់រួមមាន៖ 

១-ឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ 

២-ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ 

៣-ឈ្មោះ យុន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន។

កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន៖ 

-អាវុធ AK ស្វាយបត់ ចំនួន១ដើម បង់កាំភ្លើងចំនួន១ គ្រាប់កាំភ្លើងចំនួន២៤គ្រាប់

-ម៉ូតូចំនួន២គ្រឿង (Zoomer X ចំនួន១គ្រឿង និង PCX ចំនួន១គ្រឿង)

ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕


ចែករំលែក៖