ព័ត៌មានទាន់ហេតុការណ៍៖

ចិនបាញបង្ហោះយានអាកាស Shenzhou 11 មានមនុស្សបើកទៅកាន់អវកាស

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៧ ខែតុលា ចិនបានបាញ់បង្ហោះយានអវកាសមានមនុស្សបើក Shenzhou 11 បញ្ជូនអវកាសយានឹកពីរនាក់ឡើងទៅកាន់ដែនអវកាស ។

យានអវកាស Shenzhou 11 ត្រូវបានបាញ់បង្ហោះដោយកាំជ្រួចមីស៊ីល Long March នាវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី១៧ ខែតុលា ស្ថិតនៅតំបន់ Gobi ភាគខាងជើងប្រទេសចិន ។ ការបាញ់បង្ហោះនោះ មានការចូលរួមពីមេបញ្ចាការកងទ័ពជើងគោកចិនផងដែរ ។

យានអវកាស Shenzhou 11 បានបញ្ជូនអវកាសយានិកពីររូបឡើងទៅកាន់ម៉ូឌុល ឈ្មោះថា Tiangong 2 ជាស្ថានីយស្រាវជ្រាវដែនអវកាសរបស់ចិន ដែលបានបាញ់បង្ហោះកាលពីខែមុន ។

អវកាសយានិកពីររូបខាងលើ នឹងត្រូវធ្វើការមួយខែនៅក្នុងស្ថានីយអវកាសនោះ ដើម្បីស្រាវជ្រាវ និងបង្កើតស្ថានីយអវកាសមានមនុស្សបញ្ជានៅក្នុងឆ្នាំ២០២២ ។ នេះជាលើកទីមួយហើយ ដែលអវកាសយានិកចិនរស់នៅលើអាកាសយូរបំផុត ។

កាលពីឆ្នាំ២០១៣ ចិនបានបាញ់បង្ហោះយានអវកាសបញ្ជូនអវកាសយានិក៣នាក់ឡើងទៅកាន់អវកាសរយៈពេល១៥ថ្ងៃ ធ្វើការនៅក្នុងបន្ទប់ពិសោធន៍ Tiangong 1 ។ នៅក្នុងឆ្នាំ២០១៣នោះដែរ ចិន ក៏បានបញ្ជូនយានស្រាវជ្រាវទៅកាន់ភពព្រះច័ន្ទ តែត្រូវខូចបច្ចេកទេស ។

ចិនតែងតែបញ្ជាក់ថា កម្មវិធីអវកាសរបស់ខ្លួន គឺមានគោលដៅដើម្បីសន្តិភាព ហើយតែងតែត្រូវបានផ្តល់អាទិភាព ក្នុងការអភីវឌ្ឍ ស្រាវជ្រាវ ។ តាមការចង់បានរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺធ្វើឲ្យចិនក្លាយទៅជា ប្រទេសមហាអំណាចលើវិស័យស្រាវជ្រាវអវកាស ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា អាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកម្មវិធីអវកាសរបស់ចិន ដោយចាត់ទុកថា ចិនមានបំណងចង់រារាំង ប្រទេសដទៃទៀត ប្រើប្រាស់ដែនអវកាស ពេលមានវិបត្តិកើតឡើង ។ ចិនបានខិតខំអភិវឌ្ឍន៍កម្មវិធីអវកាសរបស់ខ្លួន គឺដើម្បីគោលដៅយោធា ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ។ ប៉ុន្តែចិនមិនទាន់អាចដើរទាន់ប្រទេសមហាអំណាច អាមេរិក និងរុស្ស៊ីនៅឡើយ ៕ ម៉ែវ សាធី

aew-1 aew


ចែករំលែក៖