ភ្នំពេញ៖ ស្របតាមការរំពឹងទុក តារាកំប្លែងនាយពែកមី បានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីផលិតខ្សែភាពយន្តរឿង«អាតួកូនឪ»។ ខ្សែភាពយន្តបែបមនោសញ្ចេតនា និងកំប្លែងនេះ ត្រូវបានជ្រកក្រោមផលិតកម្ម RED Picture ដែលនាយពាក់មីជាអ្នកនិពន្ធ និងដឹកនាំរឿង ហើយតម្រូវឲ្យកូនប្រុសលោកសម្តែងជាតួឯកផងដែរ ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នៅផ្ទះនាយពែកមីនាខណ្ឌឬស្សីកែវ ក្នុងពិធីក្រុងពាលីចេញផលិតខ្សែភាពយន្ត២រឿងព្រមគ្នារបស់ផលិតកម្ម Red Picture គឺរឿង«អាតួកូនឪ» និងរឿង«ផ្ទះសរសរកណ្ដាល» ។ ខ្សែភាពយន្តទាំងពីរនេះ នឹងត្រូវចេញថតដំណាលគ្នាដោយគ្រាន់រឿង«អាតួកូនឪ» ជារឿងនិពន្ធ ដឹកនាំរឿង និងចំណាយការផលិតដោយនាយពែកមីផ្ទាល់ ហើយរឿង “ផ្ទះសរសរកណ្តាល” ដែលជារឿងខ្មោចបែបកំប្លែងនោះ ជារឿងរបស់ផលិតកម្មជាអ្នករ៉ាប់រងដឹកនាំ និងចំណាយ ។
លោក ឌៀប សុវណ្ណរ៉ាចាងហ្វាងផលិតកម្ម Red Picture បានបញ្ជាក់ថា កន្លងមកទំនាក់ទំនងលោក និងនាយពែកមី គឺមានការជិតស្និទ្ធដូចបងប្អូន ហើយនាយពែកមី ក៏បានជួយថតខ្សែភាពយន្តឲ្យផលិតកម្មលោក ដោយមិនគិតកម្រៃដែរ ទើបពេលនេះ លោកមានក្រុមការងារ ដែលអាចជួយនាយពែកមី ដែលចង់ផលិតខ្សែភាពយន្តបានទើបលោកជួយជាការតបស្នង ។
លោកបន្តថា ផលិតកម្ម នឹងជួយរ៉ាប់រងផ្នែកបច្ចេកទេស ខណៈដែលនាយពែកមី ត្រូវចំណាយលើតួស្តែង និងកម្រៃពលកម្ម ។
លោកបញ្ជាក់ថា ខ្សែភាពយន្តទាំងពីរអាចនឹងត្រូវការពេលផលិតប្រមាណ៤ខែ ហើយខ្សែភាពយន្តរបស់នាយ ពែកមី អាចនឹងចេញចាក់បញ្ចាំងមុននៅអំឡុងខែគុម្ភៈ ឆ្នាំ២០១៧ ។
នាយពែកមីបានបញ្ជាក់ថា ដោយសារមមាញឹកនឹងការងារជាច្រើន ទើបលោកមិនមានពេលគ្រប់គ្រាន់ ក្នុងការបើកដំណើរការផលិតកម្មផ្ទាល់ខ្លួន ហើយវា ក៏ត្រូវការទាំងពេលវេលា ថវិកា ពិសេសធនធានមនុស្សសម្រាប់បំពេញការងារផងដែរ ។ លោកថា ដោយសារទំនាក់ទំនងល្អរវាងលោក នឹងចាងហ្វាងផលិតកម្ម RED Picture ទើបលោកសម្រេចចិត្តចាប់ផ្តើមផលិតខ្សែភាបយន្តនេះឡើយ ។
លោកថា ការលើកយកកូនប្រុសមកសម្តែងខ្សែភាពយន្តនេះ ព្រោះលោកបានដឹងពីសមត្ថភាពកូនប្រុសដែលអាចសម្តែងបាន ហើយបើកូនលោកអាចសម្តែងបានដូចក្តីរំពឹងទុកមែននោះ ខ្សែភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ លោកថា កូនប្រុសលោក មានឈ្មោះ រឹម សុរ៉ាហ៊ាទ្រី ហៅអាតួ អាយុ៤ឆ្នាំ ហើយធ្លាប់ចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មខាងលើលើកបំបូងគឺរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។
ក្រៅពីកូនប្រុសលោក ក្នុងខ្សែភាពយន្តនេះ ក៏មានកូនស្រីលោកម្នាក់ទៀតចូលរួមសម្តែងផងដែរ ៕ វឌ្ឍនា