ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន៖ កម្ពុជា-វៀតណាម នៅតែរក្សាបុព្វ ហេតុឯករាជ្យ សន្តិភាព ក្នុងនាមជាអ្នកភូមិផងរបងជាមួយ

ចែករំលែក៖

ស្វាយរៀង ៖ .សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជា-វៀតណាម នៅតែរក្សាបុព្វហេតុឯករាជ្យ សន្តិភាព ក្នុងនាមជាអ្នកភូមិផងរបងជាមួយ យើងតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃ ៧មករា១៩៧៩។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ដែលបានរៀបចំឡើងដោយរដ្ឋបាល ខេត្តស្វាយរៀង កាលពី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    នៅក្នុងពិធីនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្ត តៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

   សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ជួសមុខឱ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម និងក្នុងនាម សម្តេចផ្ទាល់សូមសម្តែងការអបអរសាទរ និងទទួលស្វាគមន៍យ៉ាង កក់ក្តៅចំពោះ គណៈប្រតិភូ នៃសាធារ ណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកចូលរួម និងអបអរសាទរ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

     សម្តេចបានបន្តថា កន្លងមកប្រទេសយើងទាំងពីរបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិនៃប្រទសរៀងៗខ្លួន។ សកម្មភាពទាំងនេះ គឺបានបង្ហាញ នូវទឹកចិត្តដ៏ជ្រាលជ្រៅនៃប្រទេសទាំងពីរ។ កម្ពុជា-វៀតណាម គឺជាអ្នកភូមិផងរបងជាមួយគ្នា ដែលមានប្រវត្តិសាស្ត្រតស៊ូរួមគ្នា ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដើម្បីបុព្វហេតុឯករាជ្យ សន្តិភាព និងការរីកចម្រើន។ យើងតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា១៩៧៩ ។

    សម្តេច ម៉ែន សំអន. បានបន្តថា  ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ប្រទេសចាប់តាំងពីអណ្តតិទី១ ដល់ទី ៦ រួមមាន ៖ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ រហូតដល់ អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានបោះ ជំហានទៅមុខយ៉ាងស្វាហាប់ដោយទទួលបានលទ្ធផលគួរជាទីមោទៈក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។

    ជាមួយគ្នានេះ ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានសហការ និងទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយខេត្តតៃនិញតាមរយៈ ការជម្រុញការងាររដ្ឋបាល ការងារសហប្រតិបត្តិការ និងការពូនជ្រំ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងយូរអង្វែងផងដែរ។

    សម្តេចបានបន្តថា កន្លងមកនេះទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការ កម្ពុជា-វៀតណាម ក្រោមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»បានឈានដល់ កម្រិតខ្ពស់ថ្មីមួយទៀត។ ទោះបីជាស្ថានភាពពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាពរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរនៅតែរឹងមាំ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ បានផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនយើងទាំងសងខាង។

     ឆ្លៀតក្នុងឱកាសនោះ សម្តេចម៉ែន សំអនក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀងដែលបាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយ មានជ័យនិង ខេត្តសៀមរាប ដេីម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ៕ ដោយ សំរិត


ចែករំលែក៖