ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» នៅបារាំង 

ចែករំលែក៖

អន្តរជាតិ ៖ តាមការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីសាធារណរដ្ឋបារាំង។

អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំង សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា ,មន្ត្រីជាន់ខ្ពស់មួយចំនួន នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉ារីស ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅប្រទេសបារាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី Emmanuel MACRON ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រ នាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈ លើកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំង ការវិវត្តនៅក្នុងតំបន់ និងពិភពលោកផងដែរ។

នៅប្រទេសបារាំងដដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាព តែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូល លើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយ របស់បារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺ ជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នក វិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕

ប្រភព ៖ (CCFR)


ចែករំលែក៖