ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងចំនួន ៣ ជាប់ៗគ្នាយ៉ាងសន្ធោសន្ធៅរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ឃ្លាំងតំឡើងគ្រឿងតុបតែងឆាក និងកម្មវិធី ផ្សេងៗចំនួន៣ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញទៅអន្តរាគមន៍នៅវេលាម៉ោង ៦ និង ២០ នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍ B01 ផ្លូវបេតុង ១ឧសភា ស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះមួយ ចេញពីផ្នែកខាងត្បូងនៃឃ្លាំង ហើយបន្តិចក្រោយមក ក៏មានអណ្តាតភ្លើងឆាបឆេះឡើងភ្លាមៗ។ កម្មករនៅក្នុងឃ្លាំងបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ទេីបរាយការណ៍ទៅចុះទៅអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលព័ត៌មាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ភ្លាមៗ ហើយក៏មានការចូលរួមពីរថយន្តជំនួយរបស់ក្រុមហ៊ុនឯកជន និងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។

ចំពោះការខូចខាត ជំហានបឋម បានបញ្ជាក់ថា ឃ្លាំង២ក្នុងចំណោម៣ឃ្លាំង ត្រូវបានបំផ្លាញទាំងស្រុង ខណៈរថយន្ត៣គ្រឿង និងម៉ូតូ៣គ្រឿង ត្រូវបានឆេះអស់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖